(ភ្នំពេញ)៖ គ្រូបង្រៀនកម្ពុជាឆ្នើម១រូប ត្រូវបានមូលនិធិពានរង្វាន់ព្រះអង្គម្ចាស់ក្សត្រីយសុរិនថន ជ្រើសរើសផ្ដល់ពានរង្វាន់១ម៉ឺនដុល្លារ សម្រាប់ការបង្រៀនល្អ ដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីប្រគល់រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ខាងមុខ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការទទួលបានពានរង្វាន់មូលនិធិព្រះអង្គម្ចាស់ក្សត្រីយសុរិនថន នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅស្ថានទូតថៃប្រចាំកម្ពុជា លោកបណ្ឌិត Krissanapong Kirtikara ប្រធានមូលនិធិពានរង្វាន់ ព្រះអង្គម្ចាស់ក្សត្រីយសុរិនថននៃប្រទេសថៃ បានបញ្ជាក់ថា ការជ្រើសរើសផ្ដល់ រង្វាន់ដល់លោកគ្រូ-អ្នកគ្រូនេះ គឺបានធ្វើឡើង ចំពោះលោកគ្រូ-អ្នកគ្រូបង្រៀនដែលមានស្នាដៃ ធ្វើឲ្យមានការផ្លាស់ប្ដូរសម្រាប់សិស្ស-និស្សិតរបស់គាត់។
លោកបណ្ឌិត Krissanapong Kirtikara បានបន្ដថា ព្រះអង្គម្ចាស់ក្សត្រីយសុរិនថន បានបង្កើតមូលនិធិផ្ដល់រង្វាន់នេះឡើង ជាលើកដំបូងនៅឆ្នាំ២០១៥ ដើម្បីផ្ដល់ជូនដល់គ្រូបង្រៀនចំនួន១១ប្រទេសក្នុងតំបន់អាស៊ាន និងផ្ដល់សារៈសំខាន់ចំពោះការសិក្សាដូចជាគ្រូបង្រៀន និងសិស្សានុសិស្ស ខណៈពេលក្នុងឆ្នាំ២០១៧នេះ គឺជាគម្រប់ខួន៦០ព្រះវស្សា របស់ព្រះអង្គម្ចាស់ក្សត្រីយផងដែរ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា ការជ្រើសរើសយកគ្រូល្អនេះ ត្រូវបានធ្វើឡើងដោយការសំរិតសំរាំង តាមរយៈក្រសួងអប់រំក្នុងប្រទេសនីមួយៗ ដោយពិនិត្យទៅលើស្នាដៃ ទេពកោសល្យ និងគំនិតច្នៃ ប្រឌិតក្នុងការបង្រៀន ដើម្បីឲ្យសិស្សទទួលបាននូវចំណេះ ជំនាញ និងការផ្ដល់នូវទំនុក ចិត្ដពី សំណាក់មាតាបិតា សិស្សផងដែរ។
ប្រធានមូលនិធិពានរង្វាន់ព្រះអង្គម្ចាស់ក្សត្រីយសុរិនថន បានបន្ថែមទៀតថា ក្រោយពីជ្រើសរើសគ្រូឆ្នើមក្នុងការបង្រៀននៅក្នុងប្រទេសកម្ពុជារួចហើយ ក្រុមមូលនិធិពានរង្វាន់ព្រះអង្គម្ចាស់ក្សត្រីយសុរិនថន បានចុះពិនិត្យមើល អំពីវិធីសាស្រ្ដក្នុង ការបង្រៀន ការគ្រប់គ្រងនៅក្នុងសាលា និងតាមដានការបង្រៀនសិស្សដែលធ្វើឲ្យពួកគេកាន់តែមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
អ្នកគ្រូ ឌី សោភ័ណ្ឌ ជាគ្រូបង្រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ដែលជាអ្នកទទួល បានពានរង្វាន់ពីមូលនិធិព្រះអង្គម្ចាស់ក្សត្រីយសុរិនថន ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការបង្រៀនសិស្សានុសិស្សនេះ អ្នកគ្រូមិនដែលគិតថា នឹងបង្រៀនដើម្បីទទួលយករង្វាន់ ឬការកោតសរសើរលើស្នាដៃអ្វីនោះទេ ប៉ុន្ដែបានចេញពីទឹកចិត្ដ និងបេះដូងពិតប្រាកក្នុងការ បង្រៀនគឺការធ្វើឲ្យសិស្សមានចំណេះដឹង ចំណេះធ្វើ និងមានឥរិយាបទល្អ ដែលអាចរស់នៅក្នុងសង្គមតែមួយ។
អ្នកគ្រូ ឌី សោភ័ណ្ឌ បានបន្ដទៀតថា ការបង្រៀននេះ គឺកើតចេញពីមនសិការ ហើយការចេះដឹងទាំងអស់ បានចែករំលែកទៅដល់លោកគ្រូ អ្នកគ្រូផ្សេងទៀត ពិសេសត្រូវខិតខំការសិក្សាស្រាវជ្រាវស្វែងរកវិធីសាស្រ្ដថ្មីៗ ក្នុងការបង្រៀន ដើម្បីឲ្យសិស្សងាយយល់ និងចាំបានដែលអាចធ្វើឲ្យសិស្សធ្លាក់មធ្យម ភាគក្នុងថ្នាក់មានកម្រិតតិចតួចបំផុត។
អ្នកគ្រូ បានលើកឡើងថា ការទទួលបានពានរង្វាន់ គ្រូបង្រៀនឆ្នើមនេះ គឺត្រូវបានសាលារៀនធ្វើការវាយតម្លៃរហូតដល់ថ្នាក់ស្រុក មន្ទីរអប់រំខេត្ដ និងថ្នាក់ក្រសួងអប់រំចំពោះការបង្រៀនរបស់យើងជាច្រើនដំណាក់កាល។
អ្នកគ្រូ បានបន្ដថា «ក្នុងនាម ជាគ្រូបង្រៀនត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យសិស្សឆាប់ទទួលបាននូវចំណេះដឹង ការច្នៃប្រឌិតខ្ពស់ និងការ ស្វែងរកវិធីសាស្រ្ដថ្មីៗ ដើម្បីឲ្យសិស្សកម្រិតខ្សោយ មធ្យម និងកម្រិតខ្ពស់ អាចចាប់បានការបង្រៀន របស់យើង»៕