(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុខនេះបន្តិច នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃកម្ពុជា ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ និងឯកភាពទាំងស្រុងចំពោះរបៀបវារៈទាំង៣នៃកិច្ចប្រជុំ។
បើតាមលោក ផៃ ស៉ីផាន របៀបវារៈទាំង៣ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី នៃព្រឹកថ្ងៃទី០៤ ខែសីហានេះរួមមាន៖
១៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ «សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រត្តកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស.រកម០១០៣០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣»។
២៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ «សេចក្តីព្រាងអនុក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន»។
៣៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឯកភាពនូវសំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ លើ «ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌនេះ រវាងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន»។
លោក ផៃ ស៉ីផាន ក៏បានបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចុះទៅតាមបណ្ដារោចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កម្មករ កម្មការិនី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕