(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបង្កើតមជ្ឈមណ្ឌលព័ត៌មានអាជីវកម្ម (BIC) ដែលបានប្រារព្វធ្វើនៅ សណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោមកិច្ចសហការរវាងសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា សមាគមន៍សហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងអង្គការគំនិតផ្តួចផ្តើមអាជីវកម្មមេគង្គ (MBI) លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការជួយឧបត្ថម្ភពីដៃគូនានា ដែលធ្វើឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាចបង្កើតបាននូវមជ្ឈមណ្ឌលព័ត៌មានអាជីវកម្មដ៏មានសារៈសំខាន់នេះឡើង។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហកាឧបត្ថម្ភមាន ដូចជា ធនាគារអភិវឌ្ឍន៍អាសុី (ADB), ជំនួយអូស្ត្រាលី WEG, GMT, CAM-ASEAN, LG, Manulife និង Advanced Glory Logistic ដែលជួយជំរុញឲ្យព្រឹត្តិការណ៌នេះកើតមានឡើងដោយជោគជ័យ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើត BIC ដោយបានសង្កត់ធ្ងន់ថា BIC យើងអាចចាត់ទុកថាជាអ្នកភ្ញាស់បណ្តុំសហគ្រាសធុនតូច និង
មធ្យម ឲ្យមានភាពរឹងមាំ និងមានលក្ខណៈប្រកួតប្រជែង ហើយក៏បានរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីគោលបំណងសំខាន់របស់ BIC គឺចូលរួមលើកកម្ពស់ប្រសិទ្ធិភាព និងតម្លាភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងសហគ្រាសឯកជន។ ម៉្យាង BIC មិនមែនគ្រាន់ជាបណ្តុំព័ត៌មានអាជីវកម្មទេ តែបានផ្តល់ជូននូវសេវាកម្មដូចជា ការផ្តល់នូវការប្រឹក្សាផ្នែកហិរញវត្ថុ និងប្រព័ន្ធទិន្នន័យ ផ្តល់ការប្រឹក្សាលើដំណើរការអាជីវកម្ម និងភាពអនុលោមសម្រាប់ SMEs ដោយផ្តល់នូវសេវាផ្នែកពាណិជ្ជកម្ម និងជំនាញការ សម្រាប់ពិភាក្សាការងារពាក់ព័ន្ធនឹង SMEs។

ក្រៅពីនោះ លោកទេសរដ្ឋមន្ត្រី បានបន្ថែមចំណុចជាគន្លឹះមួយចំនួនទៀត ធ្វើយ៉ាងណាជួយជ្រោមជ្រែងឲ្យ SMEs អាចរស់ដោយខ្លួនឯងបាន ដោយគួរដាក់បញ្ចូលចំណេះដឹងផ្សេងៗទាក់ទងនឹងផែនការអាជីវកម្ម-ជំនាញទីផ្សារ-ព័ត៌មានទីផ្សារ និងបញ្ជីប្រព័ន្ធគណនេយ្យជាដើម។

ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង ឯលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បើ BIC ត្រូវការព័ត៌មានពាក់ព័ន្ធក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងនឹងរីករាយចែករំលែកជូនដល់មជ្ឈមណ្ឌល តាមដែលអាចធ្វើបាន និងស្នើឲ្យ BIC ភ្ជាប់ Link ទៅក្រសួង ស្ថាប័ន សំខាន់ៗដ៏ទៃទៀត ដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម ជាដើម៕