(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចុះទៅតាមបណ្ដារោចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់​កម្មករ កម្មការិនី។

ការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។

លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ មានគម្រោងជាផ្លូវការ ក្នុងការចុះទៅតាមរោងចក្រ​ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។ ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន​បន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី ​នៅកោះពេជ្រ ថ្ងៃទី២០​ខាងមុខនេះ»

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករ​បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕