(ភ្នំពេញ)៖ ពាក់ព័ន្ធករណីចាប់ខ្លួន អតីតឧបនាយករដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ ដែលសមត្ថកិច្ចអះអាងថា ជារឿងប្រព្រឹត្តបទល្មើសផលិតគ្រឿងញៀននោះ, ប្រធានវ័យក្មេងនៃគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបង្ហាញនូវការយល់ឃើញថា រឿងនេះចាប់ខ្លួននេះពិតជារឿងបុគ្គលប្រព្រឹត្តបទល្មើស មិនមែនជារឿងនយោបាយនោះទេ។
ឆ្លើយតបជាមួយសំនួររបស់អង្គភាពព័ត៌មាន Fresh News ដែលបានសួរថា «ជុំវិញករណីលោក ញឹក ប៊ុនឆៃ គឺជារឿងបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ នេះបើយោងតាមអង្គហេតុ ដែលខាងសមត្ថកិច្ចបានអះអាង។ តើពាក់ព័ន្ធរឿងនយោបាយដែរឬអត់?»។
លោក ពេជ្រ ស្រស់ បានអះអាងយ៉ាងដូច្នេះថា «ចំពោះខ្ញុំ ខ្ញុំយល់ថាវាមិនមានអ្វីពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ប៉ុន្តែវាជារឿងបុគ្គលប្រព្រឹត្តបទល្មើសទៅវិញ ពីព្រោះការចាត់ទុកបុគ្គលណាមួយជាជនសង្ស័យបាន លុះត្រាតែបុគ្គលនោះបានប្រព្រឹត្តអំពើអ្វីមួយឲ្យគេសង្ស័យខុសទៅ នឹងច្បាប់ដែលមានចែង»។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅវេលាថ្ងៃត្រង់ទី០៣ ខែសីហា នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញថ្លែងប្រាប់ឲ្យដឹង។
នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។
ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។
តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕