(ភ្នំពេញ)៖ បន្ទាប់ពីមានការចាប់ខ្លួន លោក ញឹក ប៊ុនឆៃ ដែលសមត្ថកិច្ចថា ពាក់ព័ន្ធករណីគ្រឿងញៀននោះ, លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃសុក្រនេះថា អំពើល្មើសមិនរើសមុខអ្នកប្រព្រឹត្តទេ ជនណាសម្រេចចិត្តជ្រើសរើសយកអំពើល្មើសដាក់ខ្លួន ជននោះក៏ត្រូវដឹងខ្លួនឯងហើយថា ខ្លួននឹងមិនរួចខ្លួនទេ ប្រសិនណាសមត្ថកិច្ចរកឃើញនូវអំពើល្មើសដែលខ្លួនបានប្រព្រឹត្តកន្លងមកនោះ។
ប៉ុន្ដែការអនុវត្តច្បាប់របស់សមត្ថកិច្ចនេះ ត្រូវបានអ្នកខ្លះលើកឡើងថា ជាករណីនយោបាយទៅវិញ ហើយលោក គឹម សន្ដិភាព ក៏បានអះអាងដែរថា សូមមេត្តាបញ្ឈប់ការលាបពណ៌ លើការអនុវត្តច្បាប់នៅកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងយ៉ាងដូច្នេះ «សូមបញ្ជាក់ជូនថា អំពើល្មើសមិនរើសមុខអ្នកប្រព្រឹត្តទេ! ជនណាសម្រេចចិត្តជ្រើសរើសយកអំពើល្មើសដាក់ខ្លួន ជននោះក៏ត្រូវដឹងខ្លួនឯងហើយថា ខ្លួននឹងមិនរួចខ្លួនទេ ប្រសិនណាសមត្ថកិច្ចរកឃើញនូវអំពើល្មើសដែលខ្លួនបានប្រព្រឹត្តកន្លងមកនោះ! ហេតុនេះ សូមមេត្តាបញ្ឈប់ការលាបព័ណ៌លើការអនុវត្តច្បាប់នៅកម្ពុជា!»។
តាមរបាយការណ៍ នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល២១៥ថ្ងៃកន្លងមកនេះ យើងឃើញថា៖ មនុស្សចំនួន ១២,២០០នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ដែលក្នុងនោះ៦,១៧៧នាក់ កំពុងឃុំខ្លួនក្នុងពន្ធនាគារ។
លោក គឹម សន្ដិភាព បញ្ជាក់ថា «យើងទាំងអស់គ្នា សូមអបអរសាទរនូវលទ្ធផលកន្លងមក នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ និងក៏សូមលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចបន្តអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះជនទាំងឡាយណាដែលមានតម្រុយពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀននេះ»។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅវេលាថ្ងៃត្រង់ទី០៣ ខែសីហា នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញថ្លែងប្រាប់ឲ្យដឹង។
នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។
ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។
តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕