(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី៤ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ នៅផ្សារពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើទោះបីមានការរារាំងខ្លះពីមេឃុំក៏ដោយ។
សម្រាប់យុទ្ធនាការថ្ងៃទី៤នេះ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់នៅលើទំព័រ Facebook ថា លោកត្រូវបានអាជ្ញាធររារាំងផងដែរ នៅពេលទៅរៃអង្គាស នៅផ្សារចុងជៀល ដោយមេឃុំបានចោទថា អាចជាការបោកប្រាស់ដូចអ្នកមុនៗ ហេតុដូច្នេះហើយ បានជាលោកនឹងក្រុមការងារ នៅរៃអង្គាសនៅផ្សារ ពញាក្រែកវិញ។ លោកបានសរសេរយ៉ាងដូច្នេះថា «មេឃុំចុងជៀច បានរារាំងក្រុមខ្ញុំបាទ មិនឲ្យរៃអង្គាសថវិកាក្នុងផ្សារចុងជៀច ដោយគាត់សួររកច្បាប់រៃអង្គាស ហើយខ្ញុំក៏សួររកច្បាប់ ក្នុងមាត្រាណាមួយដែលត្រូវឲ្យខ្ញុំទៅសុំ ខណៈនោះគាត់គ្មានចម្លើយឲ្យខ្ញុំនោះទេ ម្យ៉ាងវិញទៀតគាត់ បានប្រើពាក្យមានលក្ខណៈចោទប្រកាន់ខ្ញុំថា ការរៃអង្គាសនេះ អាចបោកប្រាស់ដូចពួកមុន»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នេះជារឿងសប្បុរសធម៌ ការចូលរួមរបស់បងប្អូនគឺជាការបង្ហាញនូវទឹកចិត្ត គោរព ស្រលាញ់ លោកបណ្ឌិតកែម ឡី ដែលជាបណ្ឌិតដ៏កម្ររកបាននៅក្នុងប្រទេសកម្ពុជាយើង។ បើទោះបីយុទ្ធនាការ រៃអង្គាសថវិកានេះត្រូវទទួលជួបនូវ ឧបសគ្គអ្វីក៏ដោយ ក៏លោករួមជាមួយ ក្រុមការងារ មិនរាថយឡើយ ពោលគឺលោកនឹងសម្រេចការងារនេះឲ្យខាងតែបាន ដើម្បីកុំឲ្យអ្នកនយោបាយខ្លះ និងមនុស្សមួយចំនួន ដែលចោទថាជារឿងនយោបាយ មើលស្រាលនោះទេ។
លោក ពេជ្រ ស្រស់ បានឲ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕