(កំពង់ស្ពឺ)៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ បាន និងកំពុងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន២៥០នាក់ ចុះចែកថ្នាំ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ការចុះពិនិត្យព្យាបាល និងចែកអំណោយថ្នាំជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលគ្រោងនឹងពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៦ពាន់នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ ធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ពីលោក ហ៊ុន ម៉ានី អមដំណើរដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក សុខ ប៊ន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយស្រុកថ្គង លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល, លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក សំ រិទ្ធី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល
ខេត្តកំពង់ស្ពឺ, លោក កាវ លាងគា អភិបាលស្រុកថ្គង សាខាសកម្មជនក្រុម ការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្គង ខេត្តកំពង់ស្ពឺ លោក PAUL LIM ប្រធានក្រុមហ៊ុន ផេសថិក លីមីធីត មកពីប្រទេសម៉ាឡេស៊ី។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថារយៈពេល៥៦ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៩០៤នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៨លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន១១២៥៧៧នាក់៕