(ខេត្តសានស៊ី)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ (Xi'an Silk Road International Tourism Expo 2017) និងបានបន្តជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) ផងដែរ។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌខ្សែក្រវាត់ និងវិថី រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន ពិសេសដើម្បីត្រួតពិនិត្យ និងជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ និងផែនការអនុវត្តអនុស្សរណៈនេះ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ថ្មីៗនេះ នៅទីក្រុងប៉េកាំង ដែលបានផ្តោតលើចំណុចសំខាន់ៗ រួមមាន ការជួយអភិវឌ្ឍតំបន់ទីក្រុងទេសចរណ៍សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ការបង្កើតកម្មវិធីផ្លាស់ប្តូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន ការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំកំពូលទេសចរណ៍ចិន-កម្ពុជា និងកិច្ចសហការលើការផ្សព្វផ្សាយ និងវិនិយោគទេសចរណ៍។
ភាគីទាំងពីរបានឯកភាពជំរុញក្រុមការងារទាំងសងខាងដែលបានរៀបចំរួចហើយឲ្យពន្លឿនការអនុវត្តផែនការនេះ ជាមួយនឹងការជំរុញលំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ ភាគីចិនបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការទទួលប្រតិភូកម្ពុជាមកទស្សនកិច្ចដកបទពិសោធន៍ លើការអភិវឌ្ឍកសិទេសចរណ៍ ទេសចរណ៍ជនបទ។
លោក ថោង ខុន បានជម្រាបជូនថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងខិតខំរៀបចំតំបន់ទេសចរណ៍ និងរមណីយដ្ឋានវិស្សមកាលសម្រាប់ទេសចរចូលនិវត្តន៍ ពិសេសនៅតំបន់ឆ្នេរ និងនៅតំបន់ទេសចរណ៍ធម្មជាតិ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,៦៦លាននាក់ ក្នុងកំណើន ១២.៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ៥៣ម៉ឺននាក់ ក្នុងកំណើន ៣៩.៩% ឈរលំដាប់ទី១ នៃទីផ្សារសំខាន់ៗទាំង១០៕