(ភ្នំពេញ)៖ លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានប្រតិភូ បានឲ្យដឹងពីទីក្រុងញូដេលី ប្រទេសឥណ្ឌា នៅរាត្រីថ្ងៃទី០៣ ខែសីហាមុននេះបន្ដិចថា យុទ្ធនាការចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ ថ្ងៃដំបូងនេះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានទទួលជោគជ័យគួរឲ្យភ្ញាក់ផ្អើល ដោយដណ្ដើមបានមេដាយ ១១គ្រឿង រួមមានមេដាយមាស ២ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ៤ ។
លោកបានបញ្ជាក់ថា មេដាយមាស ២គ្រឿងខាងលើ គឺដណ្ដើមបានមេដាយកីឡាករ ទិន ឌិន ប្អូនប្រុសកីឡាករ ទិន ភាព ហៅ សែន រ៉ាឌី ម្ចាស់មេដាយពិភពលោក ឆ្នាំ២០១៥ ដោយគេបានផ្ដួលកីឡាករវៀតណាមក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម ។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាសម្ដែងមេគុនក្រុមនារី ៣នាក់ រួមមានកីឡាការិនី ប៉ាល់ ឆរស្មី, ពៅ សុខា និងកីឡាការិនី សឿ ច័ន្ទលក្ខិណា ។
ដោយឡែកមេដាយប្រាក់ ៥គ្រឿង គឺដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធ ៣គ្រឿង និងវិញ្ញាសាសម្ដែង ២គ្រឿង ។ តែគួរឲ្យសោកស្ដាយក្នុងនោះ កីឡាកររហ្សនាមពេជ្រម្ទេសខ្មាំង សែន រ៉ាឌី ដែលត្រូវការពារតំណែងមេដាយមាសពិភពលោក ដណ្ដើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយប្រកួតចាញ់កីឡាករម្ចាស់ក្បាច់គុនវៀតណាម ។ ចំណែកមេដាយសំរឹទ្ធ ៤គ្រឿង សុទ្ធតែដណ្ដើមបានលើវិញ្ញាសាសម្ដែង ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ូ រតនា ។
លោកបន្ដថា នេះគឺជោគជ័យដ៏ធំធេងសម្រាប់ថ្ងៃទី១ ដែលក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាធ្វើបានយ៉ាងល្អ នៅក្នុងចំណោមអត្តពលិកមកពី ២២ប្រទេស ដែលចូលរួមប្រកួតជើងឯកពិភពលោកនេះ ខណៈការប្រកួតនៅសល់ ២ថ្ងៃទៀត ពោលគឺនៅថ្ងៃទី០៤-០៥ ខែសីហា ហើយក្រុមកីឡាវ៉ូវីណាមកម្ពុជា នៅមានវិញ្ញាសាជាច្រើន ត្រូវបន្ដការប្រកួត ។ ដូច្នេះលោករំពឹងថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជា នឹងបន្ដការខិតខំ ដើម្បីដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ៕