(កូរ៉េខាងត្បូង)៖ ក្នុងនាមជាប្រធានប្តូរវេន គណៈកម្មការបណ្ដាទូតអាស៊ាន នៅសាធារណរដ្ឋកូរ៉េ ឯកអគ្គរាជទូតកម្ពុជាលោក ឡុង ឌីម៉ង់ មានកិត្តិយសបានរៀបចំ និងដឹកនាំអង្គទូតអាស៊ានទាំង១០ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េថ្មី នៅទីស្តីការក្រសួងការបរទេសនៅរសៀលដើមខែសីហា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំពិភាក្សារៀបចំឡើង ក្នុងគោលបំណងរឹតបណ្ដឹង នៃកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ ជាមួយនឹងសហគមន៍អាស៊ាន និងស្វែងរកកិច្ចសហការការទូត បញ្ហាប្រឈម ដោយផ្លាស់ប្ដូរយោបល់ជាមួយនឹងបណ្ដាអង្គទូតអាស៊ាន ដើម្បីយកទៅពិភាក្សាបន្ដជាមួយនឹងរដ្ឋមន្រ្តីពាក់ព័ន្ធនឹងកិច្ចការអាស៊ាន។
ជាការឆ្លើយតប ប្រធានប្តូរវេនគណៈកម្មការបណ្ដាទូតអាស៊ាន និងបណ្ដាអង្គទូតអាស៊ាន សូមសាទរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ជាមួយសហគមន៍អាស៊ាន ហើយបានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងអាស៊ានឱ្យកាន់តែជិតស្និត ស៊ីជម្រៅ និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
បន្ថែមពីនេះលោកស្រីរដ្ឋមន្រ្តី បានសម្ដែងនូវក្ដីសង្ឈឹមថាកូរ៉េ និងអាស៊ាន នឹងចែករំលែកនូវគុណប្រយោជន៍ និងការចូលរួមកសាងសន្ដិសុខ សុវត្ថិភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕