(ត្បូងឃ្មុំ)៖ ថ្ងៃទី៣ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចូលរួមបរិច្ចាគនៅផ្សារស្ទឹង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីម្សិលមិញ (ថ្ងៃទី២) មានប្រជាពលរដ្ឋជិត៣០០នាក់ បានចូលរួមបរិច្ចាគ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នេះជារឿងសប្បុរសធម៌ យុទ្ធនាការថ្ងៃទី៣ ការចូលរួមរបស់បងប្អូនគឺជាការបង្ហាញនូវទឹកចិត្ត គោរព ស្រលាញ់ លោកបណ្ឌិតកែម ឡី ដែលជាបណ្ឌិតដ៏កម្ររកបាននៅក្នុងប្រទេសកម្ពុជាយើង។ បើទោះបីយុទ្ធនាការ រៃអង្គាសថវិកានេះត្រូវទទួលជួបនូវ ឧបសគ្គអ្វីក៏ដោយ ក៏លោករួមជាមួយ ក្រុមការងារ មិនរាថយឡើយ ពោលគឺលោកនឹងសម្រេចការងារនេះឲ្យខាងតែបាន ដើម្បីកុំឲ្យអ្នកនយោបាយខ្លះ និងមនុស្សមួយចំនួន ដែលចោទថាជារឿងនយោបាយ មើលស្រាលនោះទេ។
លោក ពេជ្រ ស្រស់ បានឲ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ការរៃអង្គាសថវិកានេះ គឺលោកផ្តើមចេញពីក្រុមការងារបក្ស និងអ្នកគាំទ្រ រហូតដល់បងប្អូនពលរដ្ឋធម្មតា ហើយយុទ្ធនាការ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី នាពេលនេះមិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ ដោយសប្បុរសជននានាអាចចូលរួមបាន ដោយមិនប្រកាន់និន្នាការ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា នាថ្មីៗនេះ ប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសាងសង់ចេតិយ ជូនលោកបណ្ឌិតកែម ឡី។ ក្រោយការអំពាវនាវនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី។
ថវិកាទាំង៥ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបាន លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕