ក្រសួងសង្គមកិច្ចចេញប្រកាសព័ត៌មានជាផ្លូវការ ច្រានចោលការធ្វើអត្ថាធិប្បាយ ខុសពីការពិតទាំងស្រុងថា លោករដ្ឋមន្រ្តី ព្រមានវាយក្បាលនឹងគល់ឬស្សី ដល់អ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត ឆ្នាំ២០១៨
03-08-2017 18:45
(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយ ក្នុងន័យញុះញង់ បំភ្លៃ បំផ្លើសការពិត ទៅលើការលើកឡើងរបស់លោក វង សូត រដ្ឋមន្រ្តី ដែលព្រមានវាយក្បាល និងគល់ឬស្សីដល់អ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសង្គមកិច្ច បានចាត់ទុកថា «ការបញ្ជេញទស្សនៈបែបនេះ គឺជាការញុះញង់ មានលក្ខណៈជាប្រព័ន្ធ បង្កអសន្តិសុខ អស្ថេរភាពសង្គម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យរបស់ប្រទេសកម្ពុជា ផ្ទុយពីការពិតដែលមិនអាចទទួលយកបាន ដែលទង្វើនេះស្នើឲ្យលោក ភីល រ៉ូបីតសុន សិក្សាទៅលើខ្លឹមសារដើម របស់ថ្នាក់ដឹកនាំក្រសួងឡើងវិញ»។
ការបញ្ចេញប្រតិកម្មបែបនេះ និងការថ្កោលទោសបន្ទាប់ពីលោក ភីល រ៉ូបីតសុន នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានផ្តល់បទសំភាសន៍ជាមួយសារព័ត៌មាន VOD កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដោយចោទថា សាររបស់ថ្នាក់ដឹកនាំក្រសួង គឺជាសារដ៏ឃោរឃៅ និងមិនបានដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្ស ឬប្រជាធិបេតយ្យ ហើយចោទថា កម្ពុជាកំពុងធ្លាក់ចូល ទៅក្នុងរបបផ្តាច់ការ មុនពេលបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ខាងមុខ។
សូមអានខ្លឹមសារលំអិត នៅក្នុងសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការរបស់ក្រសួងសង្គមកិច្ច ខាងក្រោមនេះ៖