(ភ្នំពេញ)៖ ខ្សែភាពយន្ដដ៏ល្បីល្បាញ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលមានកំពូលតារាសម្ដែងរបស់ហូលីវូដ លោកស្រី Angelina Jolie នឹងត្រូវចាក់បញ្ចាំងឲ្យប្រជាពលរដ្ឋ សិស្សលាលា បានទស្សនាដល់ទីជនបទ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ប៉ាន់ រិទ្ធី ដែលអ្នកបានជួយជ្រោមជ្រែងលោកស្រី Angelina Jolie ក្នុងការផលិតខ្សែភាគយន្ដ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានឲ្យដឹងថា ខ្សែភាពយន្ដដ៏ល្បីល្បាញបង្ហាញពីប្រវត្តិដ៏ជូរចត់ របស់ប្រជាជនខ្មែរ ដែលបានថតនៅទីតាំងប្រវត្តិសាស្រ្ដសំខាន់ៗនៅសៀមរាប និងបាត់ដំបង នឹងត្រូវចាក់បញ្ចាំងតាមរោងកុនធំៗនៅកម្ពុជា រួមទាំងបញ្ចាំងនៅលើពិភពលោកតាមរយៈ Netflix នៅខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
លោក ប៉ាន់ រិទ្ធី បានថ្លែងបញ្ជាក់ថា បន្ទាប់ពីខ្សែភាពយន្ដរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានបញ្ចាំងនៅរោងកុន និងតាម Netflix រួចហើយនោះ ខ្សែភាពយន្ដនេះ នឹងត្រូវយកទៅចាក់បញ្ចាំងសាលារៀន តាមភូមិ-ឃុំ នាទីជនបទដាច់ស្រយាល ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានទស្សនាភាពយន្ដលំដាប់ហូលីវូដនេះ ដើម្បីបានចង់ចាំនៅប្រវត្តិសាស្រ្ដដ៏ជូរចត់របស់ខ្មែរ ក្នុងសម័យខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាជនគ្នាត្រាប្រណី។
លោកបានបញ្ជាក់ទៀតថា លោកស្រី Angelina Jolie ដែលជាអ្នកផលិតករ ខ្សែភាពយន្ដមួយនេះ បានបង្ហាញនូវក្ដីរីករាយ និងគាំទ្រឲ្យមានការចាក់បញ្ចាំង ខ្សែភាពយន្ដប្រវត្តិសាស្រ្ដដ៏ជូរចត់ ឲ្យប្រជាពលរដ្ឋខ្មែរ បានទស្សនាកាន់តែច្រើន ពិសេសនៅតាមទីជនបទ ដោយសារតែនៅទីនោះ មិនមានរោងកុនបញ្ចាំងដូចនៅទីក្រុងឡើយ។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីបានចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ចំនួន៣លើកនៅកម្ពុជា គឺភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលខ្មែរ។
សាច់រឿងនេះ គឺជាការចងចាំដ៏ឈឺចាប់របស់ អ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយ៉ងខ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្ដូរផ្ដាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។
សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាព ជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយករមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំងមុនដំបូង ដែលជាពិធីសម្ពោធផ្លូវការ មុននឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត។
រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» មានការចូលរួមសម្ដែង ដោយតារាខ្មែរជាច្រើនដួង រួមមាន លោក សុខ សុធន, កញ្ញា សម ថារត្ន ,លោក ផង់ តារា , លោក សាវិន ហ្វីលីព, កញ្ញា ឌី សូនីតា , អ្នកនាង ស្វែង សុជាតា , លោក ទេព រិនដារ៉ូ ,លោក ជា សំណាង, លោក ហម ឈរ៉ា, រស់ មុនី, ម៉ារីណែត និងកុមារី ជូលី ជាដើម។
ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានចាក់បញ្ចាំង៣លើកហើយនៅកម្ពុជា ដោយបញ្ចាំងលើកទី១៖ នៅលើវាលស្មៅ នៃព្រះលានជល់ដំរី និងមុខប្រាសាទអង្គរធំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ទឹកដីអង្គរ ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។ បញ្ចាំងលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មហាជន និងតារាសម្ដែងខ្មែរក្នុងរឿងនេះ ដែលត្រូវបាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។ ចំណែកការដាក់បញ្ចាំងលើកទី៣ នៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងថតរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដោយបញ្ចាំងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧៕