(កំពង់ស្ពឺ)៖ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា លោកហាក់ខ្លាច និងចុះចាញ់ ទង្វើរបស់ក្រុមឈ្មួញរកស៊ីចាក់ដី ទាំងនោះហើយ ដោយសារតែពួកគេមិនគោរពច្បាប់ទាល់តែសោះ ហើយនៅពេលមានការឃាត់ ឬចាប់គ្រឿងចក្រ តែងតែមានខ្នងបង្អែក អាងអ្នកនេះ អាងអ្នកនោះ មិនព្រមធ្វើឲ្យស្របតាមច្បាប់ឡើយ។
ប្រធានមន្ទីររូបបានអះអាងថា ការធ្វើច្បាប់ និងកិច្ចសន្យា មន្ទីរមិនបានយកលុយមួយរៀល ពីអ្នករកស៊ីទាំងនោះទេ គ្រាន់តែធ្វើឡើងក្នុងនៃរក្សាចំណីផ្លូវរបស់រដ្ឋ កុំឲ្យមានការរំលោភតែប៉ុណ្ណោះ។
ការបញ្ចេញប្រតិកម្ម និងនិយាយត្រង់ៗខាងលើនេះពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ គេបានសង្កេតឃើញក្រុមឈ្មួញរកស៊ីចាក់ដី និងម្ចាស់ដី បានរំលោភចាក់យកចំណីផ្លូវជាតិលេខ៤ជាច្រើនកន្លែង ក្នុងនោះមាននៅស្រុកសំរោងទង នៅតាមបណ្តោយផ្លូវជាតិលេខ៤តែម្តង។
មន្រ្តីអាជ្ញាធរមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះថា មិនតែប៉ុណ្ណោះក្រុមចាក់ដីខ្លះ បានប្រើប្រាស់ឈ្មោះអ្នកធំមួយចំនួន មកកាងទីតាំងចាក់ដីនោះថែមទៀត។ បើតាមមន្រ្តីមូលដ្ឋាន «ការរំលោភចាក់កេងបំបាត់យកចំណីផ្លូវជាច្រើនកន្លែង គេបានសង្កេតឃើញថា ក្រុមចាក់ដី រួមទាំងម្ចាស់ដីផ្ទាល់ មិនព្រមដាក់លូរំដោះទឹក តាមការជូនដំណឹងរបស់អាជ្ញាធរផងដែរ។ ការរំលោភលើដីចំណីផ្លូវរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរនោះ បានកើតនៅចំណុចខាងកើតរោងចក្រសាប៊្រីណា ក្នុងឃុំសំបូរ ខាងលិចស្ពានអូរក្រាំងអំបិល ក្នុងវល្ល័សរ និងនៅចំណុចកណ្តោលដុំ ក្រុងច្បារមន។ យោងតាមការពិនិត្យក្រុមហ៊ុនចាក់ដី ក៏ដូចជាម្ចាស់ដីមិនបានសុំច្បាប់ ហើយមិនគោរការជូនដំណឹងរបស់ជំនាញថែមទៀត»។
ប្រជាពលរដ្ឋបានឃើញហេតុការណ៍ចាក់រំលោភយកដីចំណីផ្លូវរដ្ឋ យ៉ាងអនាធិតេយ្យនេះ បានលើកឡើងដោយសុំមិនប្រាប់ឈ្មោះថា អនាគតផ្លូវជាតិលេខ៤ នឹងក្លាយជាប្រឡាយទឹកបើសិន ជាម្ចាស់ដីទាំងនោះមិនព្រមនាំគ្នាដាក់លូនបង្ហូរទឹក ឲ្យបានត្រឹមត្រូវ មិនតែប៉ុណ្ណោះផ្លូវនឹងក្លាយកន្លែងសាងសង់សំណង់ខុសច្បាប់ លើដីចំណីផ្លូវដោយមិនអាចគេចផុត។
ពួកគាត់បានសម្តែងក្តីព្រួយបារម្មណ៍ថែមទៀតថា «បើសិនអាជ្ញាធរមូលដ្ឋាន នៅតែធ្វើមិនដឹងមិនឭទេ ភាពទទួលខុសត្រូវទៅអនាគតរដ្ឋាភិបាល នឹងពិបាកដោះស្រាយផលប៉ះពាល់នេះជាក់ជាមិនខាន។ យើងបានឃើញមន្ទីរជំនាញសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ហុង ចាន់សុខា រួមនិងក្រុមការងារ បានចុះណែនាំដល់ម្ចាស់ក្រុមហ៊ុន និងក្រុមអ្នករកស៊ីចាក់ដី ដែលកំពុងរំលោភយ៉ាងធ្ងន់ធ្ងរលើចំណីផ្លូវឲ្យនាំគ្នាមកសុំច្បាប់ និងដាក់លូរំដោះទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរបស់ជំនាញដែរតែពួកគេមិនស្តាប់»។
តាមការឲ្យដឹងបន្ថែមជុំវិញការរំលោភចាក់យកដីចំណីផ្លូវនេះ មួយភាគធំបានត្រឹមរត់ការត្រឹមអាជ្ញាធរ ភូមិ ឃុំ ស្រុក ទេគេមិនបានមកសុំច្បាប់ពីមន្ទីរជំនាញឡើយ ហើយមូលដ្ឋានខ្លះ ក៏មិនបានយល់ពីផលប៉ះពាល់ទៅថ្ងៃអនាគតចំពោះដីចំណីផ្លូវរដ្ឋនេះដែរ៕