(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុន PTT Cambodia ឲ្យបន្ដចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីពង្រីកអាជីវកម្ម និងចូលរួមជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។
ការស្នើនេះធ្វើឡើង នាឱកាសដែល លោក រដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធ
ការិយាល័យថ្មីរបស់ក្រុមហ៊ុន PTT Cambodia ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បានប្រាប់អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យឯកជន ឲ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទីបី និងបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ របស់ក្រសួងដូចជា ការតាក់តែងគោលនយោបាយ, ការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្ម, និងការរៀបចំលិខិត
បទដ្ឋានគតិយុត្តផ្សេងៗ សំដៅជួយសម្រួលវិស័យឯកជន និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងកម្ពុជានៅលើឆាកអន្តរជាតិ។
លោក Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កបរិយាកាសងាយស្រួល ដល់ក្រុមហ៊ុន PTT Cambodia និងក្រុមហ៊ុនវិនិយោគថៃផ្សេងៗ ក្នុងការបំពេញប្រតិបត្តិការអាជីវកម្ម ដែលបានធ្វើឲ្យទំនាក់ទំនង ពាណិជ្ជកម្មប្រទេសទាំងពីរ កើនឡើងរហូតដល់ ៥.៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។
លោក សុធន ឈូធៀន អគ្គនាយកក្រុមហ៊ុន PTT Cambodia បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា ដែលតែងតែគាំទ្រផលិតផលប្រេងឥន្ធនៈ និងសេវាកម្មរបស់ PTT ធ្វើឲ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកសាខារបស់ខ្លួនបន្តបន្ទាប់ រហូតដល់ ៣៥ទីតាំង ដែលមានហាងលក់កាហ្វេអាម៉ាហ្សូនចំនួន៥០សាខា និងហាងលក់ទំនិញជីហ្វីចំនួន ១៣សាខា សម្រាប់បម្រើសេវាកម្មជូន អតិថិជនគ្រប់មជ្ឈដ្ឋាន។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នអាជីវកម្មរបស់ក្រុមហ៊ុន PTT Cambodia បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ១ពាន់នាក់ ហើយបានកំពុងរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា៕