(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ប្រជាពលរដ្ឋអាចប្រកបមុខរបរ រកស៊ីបាន ដូចរាល់ថ្ងៃនេះគឺកើតឡើងដោយសារតែការដឹកនាំរបស់សម្ដេច បើគ្មានសម្ដេចក៏មិនមានដូចរាល់ថ្ងៃនេះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាទទួលបានសមិទ្ធផលល្អៗបែបនេះក្តី ប៉ុន្តែយើងមិនដែលឃើញនិងលឺថា គណបបក្សប្រឆាំងអបអរសាទរ នូវអ្វីដែលកម្ពុជាទទួលបានល្អៗនោះទេ ទាំងផ្នែកកីឡា និងផ្នែកផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចបានជួបសំណេះសំណាលជាមួយ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៧៤រូប នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកលក់ដូរកុំភ្លេច អ្នកលក់ដូររាល់ថ្ងៃ បានលក់ដូរដោយសារតែសម្តេច ហ៊ុន សែន អ្នកបើកភោជនីយដ្ឋានបើក សណ្ឋាគារ បើកការមុខរបររកស៊ីទាំងអស់ នៅរាល់ថ្ងៃនេះ បានដោយសារអ្នកណា វាត្រូវមានមេ មានកើយទាំងអស់គ្នាជាង៣០ឆ្នាំ កន្លងមកនេះ ខ្ញុំបានធ្វើកិច្ចការនេះ ពីប្រទេសមួយដែលមានសង្រ្គាម ខ្ទេចខ្ទាំ ពីទីក្រុងខ្មោចនេះ មកអាលូវវាដូចគេ ដូចឯងហើយ វាមិនដូចគេណាស់ណាទេ ប៉ុន្តែទីក្រុងនៃប្រទេសមួយចំនួន ដែលហៅថា ប្រទេសកំពុងអភិវឌ្ឍន៍ ក៏មិនទៅលើសពីយើងដែរ។ យើងមិនអាចកប់ខ្មោចតាមពាក្យមួយម៉ាត់ថា «ដូរ» ឬពាក្យ២ម៉ាត់ ហៅថាការ «ផ្លាស់ប្តូរ» ទេ យើងធ្វើឲ្យមានការផ្លាស់ប្តូររួចទៅហើយ ពីឆ្នាំ៧៩រហូតមកដល់ពេលបច្ចុប្បន្ន»។
សម្តេចតេជោ បានបន្តបន្ថែមថា យើងមិនដែលឃើញថា គណបក្សប្រឆាំងនេះ ចេះអបអរសាទរកីឡាទទួលនេះ ទទួលនោះទទួលបាននេះ ទទួលបាននោះ ហើយនៅពេលដែលសំបូរព្រៃគុកចូលសម្បត្តិបេតិកភណ្ឌពិភពលោក អត់ដែលឃើញសាទរទេ តែបើសម្តេចតេជោ ហ៊ុន សែន ស្លាប់វិញ ឃើញថាមានការ ចែករំលែកព័ត៌មាន ជាបន្តបន្ទាប់ទៅវិញ៕