(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលសេវាកម្ម អាជីវកម្ម ដំបូងគេបង្អស់នៅកម្ពុជា។
មជ្ឈមណ្ឌលសេវាកម្មនេះ គឺបង្កើតឡើងដើម្បី សម្របសម្រួល និងជំនួយស្មារតីការចាប់ផ្ដើមអាជីវកម្មថ្មី ដែលកំពុងប្រកបអាជីវកម្ម និងជួយជំរុញកំណើនវិស័យឯកជននៅកម្ពុជា។
ការសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធិ រដ្ឋមន្រ្ដីក្រសួង ឧស្សាហកម្ម និងសប្បកម្ម, ប្រធានសមាគមលោក សុខ ពិសិដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ដើម្បីចូលរួមអភិវឌ្ឍវិស័យឯកជន ក៏ដូចជាជួយគាំទ្រដល់ការបង្កើត និងពង្រឹងសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលមួយនេះនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ព័ត៌មានចុងក្រោយទាក់ទង ទៅនឹងច្បាប់អាជីវកម្ម បទបញ្ជា ឱកាស និងសេវាកម្មគាំទ្រអាជីវកម្មផ្សេងៗ ហើយមជ្ឈមណ្ឌលមួយនេះក៏នឹងដើរតួនាទីឈានមុខគេ ជួយដោះស្រាយនូវការលំបាករបស់វិស័យឯកជនក្នុងការសហការ និងធ្វើអាជីវកម្មផងដែរ។
លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «មជ្ឈមណ្ឌលនេះគឺបានទទួលការគាំទ្រផ្នែកបច្ចេកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ (MBI) បានធ្វើការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC ដើម្បីចងក្រងឯកសារគតិយុទ្ធ ដំណើរការចុះបញ្ជីអាជីវកម្ម និងដំណើរការផ្ដល់អាជ្ញាបណ្ណដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេស ទៅលើចំណុចខ្វះខាតរវាងដំណើរផ្លូវការ និងការងារជាក់ស្ដែង»។
លោកបញ្ជាក់ទៀតថា មជ្ឈមណ្ឌលនេះបង្កើតឡើងសម្រាប់អ្នកទាំងអស់គ្នា ដើម្បីចែករំលែក និងផ្លាស់ប្ដូរព័ត៌មាន និងសូមចូលរួមជាយោបល់បន្ថែមដើម្បីឲ្យមជ្ឈមណ្ឌលកាន់តែប្រសើរឡើង សម្រាប់ជាប្រយោជន៍ដល់អាជីវករទាំងអស់ និងសូមចូលរួមអបអរសារទរ ដែលកម្ពុជាមានមជ្ឈមណ្ឌលមួយនេះ។
លោក ស៊ិន ចាន់គីរីរត្ន័ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «ការបង្កើតសេវាកម្មអាជីវកម្មនេះ គឺជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលផ្ដោតទៅលើ២ចំណុចសំខាន់ៗដូចជា បង្កើតគេហទំព័រផ្ដល់ព័ត៌មាន ដែលផ្ដោតទៅលើបទបញ្ញត្តិទាក់ទង នឹងសហគ្រាសធុនតូច និងមធ្យម ព័ត៌មានម្ចាស់អាជីវកម្ម សេចក្ដីណែនាំទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម ហិរញ្ញប្បទាន និងព័ត៌មានផ្សេងទៀតដែលធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម មានការរីកចម្រើនទៅមុខ រីឯផ្នែកទី២នោះគឺជាគេហទំព័រ មួយបន្ទាប់មួយទៀត ដែលអាចប្រើប្រាស់បាននៅដើមឆ្នាំក្រោយ និងជាទំព័រមួយដែលម្ចាស់សហគ្រាសអាចដឹងថា ខ្លួនឯងបានបំពេញ គ្រប់លក្ខណ្ឌឬនៅ បើមិនទាន់បំពេញតើគួរទៅរកសេវាណាមកបំពេញ»។
ជាមួយគ្នានោះ លោក ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ចម ប្រសិទ្ធិ បានគាំទ្រយ៉ាងខ្លាំងក្នុងការបង្កើតមជ្ឈមណ្ឌនេះឡើង លោកបន្ដជម្រុញឲ្យមជ្ឈមណ្ឌនេះកាន់ តែមានភាពរីកចម្រើនបន្ថែមទៀតដើម្បី ផ្ដល់ភាពងាយស្រួល និងជួយសម្រួលដល់គ្រប់អាជីវករ និងសហគ្រាសធុនតូច និងមធ្យម ៕