(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្ត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ យករថយន្ដពិសោធន៍ចល័ត ទៅពិនិត្យទំនិញ៣០មុខ នៅផ្សារហ៊ុយ ឡេង ដើម្បីរកសារធាតុគីមីហាមឃាត់។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងដោយ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកអភិបាលក្រុងសេរីសោភ័ណ្ឌ និងលោក ហ៊ុយ ឡេង ដែលជាម្ចាស់ផ្សារ ហ៊ុយ ឡេង។
បើតាមលោក ហុង លៀង ក្រោយត្រួតពិនិត្យទំនិញទាំង៣០មុខនេះ ជាលទ្ធផលទំនិញទាំង៣០មុខនោះ មិនមានសារធាតុគីមីហាមឃាត់នោះទេ។
ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំណែនាំដល់អាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់អតិថិជន ដាច់ខាតមិនត្រូវដាក់តាំងលក់ទំនិញ ផលិតផលដែលហួសកាលបរិច្ឆេទប្រើប្រាស់ ឬខូចគុណភាពឡើយ ហើយក៏បានជម្រាបដល់ប្រជាពលរដ្ឋថា មុននឹងទិញទំនិញផលិតផលណាមួយ យកទៅប្រើប្រាស់ ឬបរិភោគ ចាំបាច់ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ជាមុនសិន៕