Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាក្តីខ្មែរក្រហម អរគុណរដ្ឋាភិបាលជប៉ុន ដែលផ្តល់វិភាគទានថ្មី ថវិកាជាង១លានដុល្លារអាមេរិក គាំទ្រដំណើរការសាលាក្តីខ្មែរក្រហម

03-08-2017 15:49

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅម្យ៉ាងកាត់ថា សាលាក្តីខ្មែរក្រហម បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលជប៉ុន ដែលបានប្រកាសផ្តល់វិភាគទានថ្មីចំនួន១,២២១,៨១៨ ដុល្លារអាមេរិក ដល់ភាគីអន្តរជាតិនៃ អ.វ.ត.ក សម្រាប់ប្រើប្រាស់ នៅឆ្នាំ ២០១៧។

សាលាក្តីខ្មែរក្រហមបានចាត់ទុកថា វិភាគទានថ្មីនេះ បានធ្វើឱ្យជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន មកកាន់ទាំងភាគីជាតិ និងអន្តរជាតិនៃ អ.វ.ត.ក កើនចំនួនដល់ប្រមាណ ៨៦ លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ៣០.៦% នៃការផ្តល់វិភាគទានសរុបរបស់ ក្រុមប្រទេសម្ចាស់ជំនួយ នៅត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ និងធ្វើឱ្យជប៉ុននៅតែជាប្រទេស ផ្តល់ជំនួយធំជាងគេបំផុតរបស់ អ.វ.ត.ក ចាប់តាំងពីតុលាការនេះដំណើរការមក។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាល បានឲ្យដឹងថា «ក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងបន្តផ្តល់ វិភាគទានហិរញ្ញវត្ថុដ៏មានសារៈសំខាន់នេះ។ ជំនួយហិរញ្ញវត្ថុថ្មីនេះ ពិតជាមានភាពចាំបាច់សម្រាប់ អ.វ.ត.ក ដើម្បីបញ្ចប់អាណត្តិការងារ របស់ខ្លួន ដោយមិនមានការរអាក់រអួលក្នុងកិច្ចដំណើរការនីតិវិធីឡើយ»