(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ៨៩៥នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី ២ រួមនឹងសហការី បានអញ្ជើញជួបផ្ទាល់ដល់បន្ទប់អ្នកជំងឺ ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងពាំនាំការផ្តាំផ្ញើជូនគ្រួសារអ្នកជំងឺទាំងអស់ សូមគិតគូរថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យស្អាតទាំងក្នុងការរស់នៅ និងក្នុងពេលថែទាំអ្នកជំងឺ ពិសេសត្រូវផ្តល់អាហារូបត្ថម្ភជូនអ្នកជំងឺឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សូមប្រុងប្រយ័ត្ននឹងជំងឺគ្រុនឈាម និងផ្តាសាយគ្រប់ប្រភេទ ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័សបំផុត។ ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀតទាត់ និងចាក់ថ្នាំបង្ការជំងឺហើយសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូន។
អ្នកជំងឺ និងក្រុមគ្រួសារទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងចែករំលែកក្តីស្រឡាញ់ ជូនប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អ្នកជំងឺទាំង ៨៩៥នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ២កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល៕