(ភ្នំពេញ)៖ ឆ្លៀតឱកាសក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បំរាម២ចំណុចសំខាន់ៗ ដែលអត្តពលិកទាំងអស់ត្រូវចៀសវាងឲ្យបានដាច់ខាត ដើម្បីបញ្ចៀសការបាត់បង់កិត្តិយសខ្លួន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិកម្ពុជា។

បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន គឺមានទី១៖ ត្រូវចៀសវាងឲ្យខានតែបាន នូវការប្រើសារធាតុលើកកម្លាំង។ បើទោះបីបានមេដាយ ឬមិនបាន សូមកុំប្រព្រឹត្តឲ្យសោះ ព្រោះវានឹងធ្វើឲ្យបាត់បង់ទាំងអស់ នៅពេលគេរកឃើញសារធាតុលើកកម្លាំង យើងនឹងបាត់បង់អ្វីៗគ្រប់យ៉ាង និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិធ្ងន់ធ្ងរទៀតផង។ ទី២៖ ចៀសវាងដាច់ខាតនូវការចង់ឈ្នះ ហើយបំពានទៅលើគូប្រកួត ព្រោះចំណុចនេះមិនត្រឹមតែមិនទទួលបានផលល្អទេ តែនាំមកនូវភាពអន្ដរាយសម្រាប់ខ្លួនទៅវិញ។

នេះគឺជាសារដ៏មានខ្លឹមសារបំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលស្ថាប័នកីឡាកំពូលៗលើពិភពលោក បានដាក់បំរាមជាដាច់ខាត រាល់អត្តពលិកចូលរួមការប្រកួតលើឆាកអន្ដរជាតិ ត្រូវហាមដាច់ខាតការប្រើប្រាស់សាធាតុលើកកម្លាំង (ដូពឺង) ដែលប្រទេសកម្ពុជា ជាសមាជិកកំពុងមានយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេស ឲ្យប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនីជម្រើសជាតិគ្រប់រូបយល់ដឹង ដើម្បីជាការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣ ក៏ដូចជាការថែរក្សានូវកិត្តិយសជាតិផងដែរ៕