(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត បានព្រមានកម្ទេចគណបក្សប្រឆាំង បើប្រសិនហ៊ានចេញមុខធ្វើបាតុកម្ម តវ៉ានឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ ព្រោះសម្ដេចមិនចង់មានរឿងដូចឆ្នាំ២០១៣នោះឡើយ។
ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូដឹកនាំមន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំថាមិនឲ្យសភាពការណ៍ឆ្នាំ២០១៣វិលវិញទេ សុំទោស ដាក់ហើយ កុំធ្វើផ្ដេះផ្ដាស... សូមព្រមានទុកឲ្យហើយ កុំអាងអីធ្វើបាតុកម្ម គេក៏មានសិទ្ធិដែរ រួចហើយបើអ្នកឯងតដៃ អាហ្នឹងរឿងប៉ះដៃវាតគ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រឆាំងចង់បានមិនចេះអស់ មិនចេះហើយ សូម្បីតែការបោះឆ្នោតឃុំសង្កាត់ក៏តវ៉ាដែរ ហើយឥលូវនេះ ចង់ឲ្យមានការចុះឈ្មោះបោះឆ្នោតតាម Facebook ទៀត ហើយសម្ដេចបានហៅការចង់បានរបស់គណបក្សប្រឆាំងនេះ គឺជាចេតនាបំផ្លាញការ បោះឆ្នោតនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនឲ្យមានការតវ៉ាដូចជំនាន់ ឡាំប៉ារហូត សូម្បីតែអាបោះឆ្នោតថ្នាក់ឃុំនេះ តើនៅចង់បានអីទៀត ចង់បានអីទៀត ប៉ុណ្ណឹងហើយចង់បានអីទៀតមិនគ្រប់ទៀត...លូវគេទាមទារឲ្យចុះឈ្មោះតាម Facebook បើដូច្នេះយើងមិនចាំបាច់បោះឆ្នោតទេ តាមពិតបំណងប្រាថ្នាពិតប្រាកដ គឺចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា»។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការផ្សាយថា រដ្ឋមន្ដ្រី វង សូត ចង់វាយក្បាលនឹងគល់ឬស្សីចំពោះអ្នកក្រុមដែលចង់ធ្វើបាតុកម្ម ប៉ុន្ដែសម្ដេចថា ការលើកឡើងនេះគ្រាន់តែជាន័យប្រៀបធៀបតែប៉ុណ្ណោះ ព្រោះថាប្រសិនបើមានការធ្វើបាតុកម្ម ក្រោយការបោះឆ្នោតឆ្នាំ២០១៨ សម្ដេចមិនទុក នោះទេ នឹងកម្ទេចជាដាច់ខាត ដើម្បីរក្សាសណ្ដាប់ធ្នាប់ប្រទេសមួយ។
យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដែរថា ចំពោះគណបក្សណាមួយដែលហ៊ាន ចេញមុខមកធ្វើបាតុកម្មទៀតក្រោយការបោះឆ្នោត នឹងអាចឈាន ទៅដល់ការរំលាយបក្សតែម្ដង ព្រោះថាបច្ចុប្បន្ននេះច្បាប់មានគ្រប់គ្រាន់អស់ហើយ៕