(ភ្នំពេញ)៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាព ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។
កិច្ចសហការរយៈពេល ៣ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹងធ្វើការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការផលិតសៀវភៅអក្ខរកម្មហិរញ្ញវត្ថុ «តោះ! និយាយពីលុយ»ចំនួន ៣០,០០០ ក្បាល ដែលនឹងត្រូវចែកចាយនៅតាមសាលារៀននានា ដែលសកម្មភាពជាបន្តបន្ទាប់ នឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុន Visa នឹងជួយអភិវឌ្ឍន៍ផែនការអក្ខរកម្មហិរញ្ញវត្ថុរយៈពេល ៥ឆ្នាំ សម្រាប់ប្រទេសកម្ពុជា កម្មវិធីសិក្សាអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងការបណ្តុះបណ្តាគ្រូបង្រៀននៅតាមសាលារៀន ដើម្បីឲ្យពួកគាត់ អាចចែករំលែកជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជាមួយសិស្សរបស់ខ្លួន។
លោក Sean Preston នាយកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវបានថ្លែងថា «យើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលស្តីអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ជាមួយធនាគារជាតិនៃកម្ពុជា ហើយយើងខ្ញុំជឿជាក់ថាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់បំផុត សម្រាប់អភិវឌ្ឍបុគ្គល និង
សេដ្ឋកិច្ចនោះ គឺចំណេះដឹង។ ដូច្នេះហើយ យើងខ្ញុំរីករាយនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍកម្ម វិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដែលយើងខ្ញុំជឿជាក់ថាកម្មវិធីនេះ នឹងជះឥទ្ធិពលជាវិជ្ជមាន ដល់ជីវិតរស់នៅ របស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស»។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា មានថ្លែងផងដែរថា «ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដើម្បីកសាងប្រព័ន្ធធនាគារមួយ ប្រកបដោយចីរភាព។ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ គឺជាប្រព័ន្ធការពារដំបូងសម្រាប់អតិថិជនហិរញ្ញវត្ថុ ពីព្រោះ នៅពេលដែលអតិថិជន អាចធ្វើសេចក្តីសម្រេចចិត្ត បានល្អិតល្អន់ជាងមុន ពួកគាត់អាចការពារខ្លួនគាត់ឲ្យជៀសផុតពីការកេងបន្លំ និងអាចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឲ្យប្រសើរជាងមុនតាម រយៈការជ្រើសរើស និងប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុត្រឹមត្រូវ»។
លោកស្រីបន្ដថា ការបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុចំពោះកុមារចាប់ពីអាយុតិច គឺជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យពួកគេមានចំណេះដឹងជាមុន និងត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងពេលអនាគត។ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធជាច្រើន ក្នុងការអនុវត្តគម្រោងអប់រំផ្នែកហិរញ្ញវត្ថុ ហើយការជួយគាំទ្ររបស់ក្រុមហ៊ុន Visa ចំពោះយុទ្ធនាការ «តោះ! និយាយពីលុយ» និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្សេងៗទៀត គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅកាន់កំណើនប្រកបដោយបរិយាប័ន្ន»។
អស់រយៈពេលជាង ២០ឆ្នាំ ក្រុមហ៊ុន Visa បានសហការជាមួយរដ្ឋាភិបាល សាលារៀន ធនាគារ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអភិវឌ្ឍកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដែលបង្រៀនបុគ្គលអំពីរបៀបចំណាយ ការសន្សំ និងរៀបចំថវិកាប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa មានលក្ខណៈងាយស្រួល និងទូលំទូលាយទូទាំងពិភពលោក។ បញ្ហាប្រឈមផ្នែកអប់រំផ្នែកហិរញ្ញវត្ថុ គឺមានភាពខុសៗគ្នា ដូច្នេះហើយទើបក្រុមហ៊ុន Visa បានបង្កើតមាតិកាដែលបំពេញតាមតម្រូវការវប្បធម៌ ភាសា និងភាពស្មុគស្មាញខុសៗគ្នា ដោយមិនគិតពីអាយុ ការអប់រំ ឬភូមិសាស្រ្តឡើយ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa សូមចូលទៅកាន់គេហទំព័រ www.practicalmoneyskills.com ៕
អ្នកតំណាងរបស់ក្រុមហ៊ុន Visa និងអ្នកតំណាងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។