(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីនៃក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្រ្តី ថោង ខុន ជាមួយលោកស្រី យ៉ាង ស៊ីពីង អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ភាគីទាំងពីរបានប្ដេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទេសចរ និងអ្នកវិនិយោគចិនឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ពិសេសដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល «កម្ពុជាទទួលបានទេសចរចិនយ៉ាងតិច២លាននាក់ នៅឆ្នាំ២០២០»។
ក្រោយបញ្ចប់ជំនួប លោក ទិត ចន្ថា បានឲ្យដឹងថា ក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការងារពាក់ព័ន្ធនានា ដូចជា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការទាក់ទាញទេសចរ និងអ្នកវិនិយោគចិន ការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃប្រទេសទាំងពីរ ការបង្កើនផលិតផលទេសចរណ៍ថ្មីៗ ការផលិតជាឯកសារភាពយន្ត ដែលរៀបរាប់បង្ហាញពីតំបន់ទេសចរណ៍ ការពង្រីកប្រព័ន្ធព័ត៌មានផ្សព្វផ្សាយ និងការងារមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រជាជន ភ្ញៀវទេសចរ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ ទៅមកស្វែងយល់ទស្សនាកម្សាន្ត និងវិនិយោគកាន់តែច្រើនឡើងថែមទៀត ខណៈរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងមានទំនាក់ទំនងយ៉ាងស្អិតល្មួត។
លោករដ្ឋមន្រ្តីស្ដីទីបានបន្តថា ភាគីទាំងពីរបានពិភាក្សាគ្នារកវិធីសាស្រ្តបង្កើនកិច្ចសហប្រតិបត្តិការ បង្កើនសកម្មភាពការងារ និងពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ បង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ពីគ្នាទៅវិញទៅមក រៀបចំសន្និសីទអន្តរជាតិ វេទិកាអន្តរជាតិនានា ការចូលរួមកិច្ចប្រជុំ ការតាំងពិព័រណ៍ទេសចរណ៍ ការធ្វើទស្សនកិច្ច ការបណ្ដុះបណ្ដាលធនធានមនុស្ស ការពង្រីកប្រព័ន្ធព័ត៌មានផ្សព្វផ្សាយ ពិសេសការបញ្ជ្រាបពីអ្វីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ទៅដល់ប្រជាជន ភ្ញៀវទេសចរ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ សំដៅទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាថែមទៀត ក៏ដូចជាឲ្យទេសចរកម្ពុជាទៅទស្សនាប្រទេសចិនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏ត្រូវពង្រីកជើងហោះហើរត្រង់បន្ថែមទៀតដែរ ពិសេសតភ្ជាប់ទៅតំបន់ខេត្តព្រះវិហារ ខេត្តកំពង់ធំ (តំបន់ប្រាសាទសំបូរព្រៃគុក) តំបន់ភាគឦសាន តំបន់ឆ្នេរសមុទ្រ និងតំបន់ដែលមានសក្ដានុពលទេសចរណ៍មួយចំនួនទៀត ខណៈបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ប្រមាណ ៤០០ជើងហើយ បានធ្វើដំណើរទៅមកកម្ពុជា-ចិន-កម្ពុជាក្នុងមួយសប្ដាហ៍។
សូមជម្រាបថា នៅឆ្នាំ២០១៦ ទេសចរចិនដែលមកទស្សនាកម្ពុជាមានជាង ៨០ម៉ឺននាក់ កើនឡើង ២០ភាគរយ ដោយឡែកក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ទេសចរចិនដែលមកទស្សនាកម្ពុជាមានជាង ៥០ម៉ឺននាក់ កើនឡើង ៤០ភាគរយ។ បើតាមការរំពឹងទុកនៅឆ្នាំ២០១៧នេះ កម្ពុជាអាចនឹងទទួលបានទេសចរចិនជាង ១លាននាក់ ដែលកំណើននេះត្រូវបានវាយតម្លៃថា កើនឡើងខ្លាំងក្លា ហើយក៏ជាលទ្ធផលដ៏ល្អប្រសើរដល់ការព្យាករណ៍ទុកថា នៅឆ្នាំ២០២០ កម្ពុជាអាចទទួលបានទេសចរពីប្រទេសមហាអំណាចនៅអាស៊ីមួយនេះ លើស២លាននាក់ លើសពីការរំពឹងទុកទៅទៀត។
តាមការបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងចំណោមវិនិយោគបរទេសនៅកម្ពុជា ការវិនិយោគលើវិស័យទេសចរណ៍ ឈរលើលំដាប់ខ្ពស់ជាងគេ ដែលមានទុនវិនិយោគប្រមាណជាង ៥០ភាគរយ នៃចំនួនវិនិយោគបរទេសសរុបនៅប្រទេសកម្ពុជា៕