(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ចៅម្នាក់របស់សម្ដេចមានសញ្ជាតិអាមេរិក ហើយបច្ចុប្បន្ននេះ សម្ដេចកំពុងរកវិធី ដើម្បីដកសញ្ជាតិចេញពីចៅវិញ ដោយហេតុខ្លាចអាមេរិកមានសង្គ្រាម ហើយចាប់ចៅរបស់សម្ដេចធ្វើទាហានទៅវាយប្រទេសគេដ៏ទៃ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រតិភូដឹកនាំ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប២៧៤រូប មុនចេញទៅប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។
សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះថា «ចៅខ្ញុំមួយមានសញ្ជាតិអាមេរិក ព្រោះវាកើតនៅអាណុង លូវខ្ញុំកំពុងរកវិធីធ្វើមិចឲ្យចៅរបស់ខ្ញុំ ដកសញ្ជាតិពីអាមេរិកចេញឲ្យបាន ព្រោះក្រែងអាមេរិកត្រូវធ្វើសង្គ្រាមជាមួយគេ តម្រូវឲ្យចៅរបស់ខ្ញុំទៅធ្វើទាហានអាមេរិក អត់ទេខ្ញុំមិនព្រម»។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុថា ដូចម្ដេចបានជាចៅរបស់សម្ដេចសញ្ជាតិអាមេរិក? ព្រោះថាកាលនោះកូនរបស់សម្ដេចបានរៀបអាពាហ៍ពិពាហ៍រួច ត្រូវទៅបន្ដការសិក្សានៅអាមេរិក ទើបមានកូនហើយសម្រាលនៅទីនោះ បានសញ្ជាតិអាមេរិកតែម្ដង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ប្រជាជនអាមេរិកនៅពេលមានអាយុ១៨ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា ដូច្នេះប្រសិនបើចៅសម្ដេចមានគ្រប់អាយុ១៨ឆ្នាំ ត្រូវធ្វើទាហានអាមេរិកនោះ សម្ដេចមិនព្រមនោះទេ ទើបសម្ដេចកំពុងរកវិធីដើម្បីដកសញ្ជាតិនេះចេញ ដោយហេតុថា ខ្លាចអាមេរិកមានសង្គ្រាម ហើយយកចៅទៅច្បាំងជាមួយប្រទេសគេ។ សម្ដេចតេជោ ក៏បានបង្ហាញនូវចម្ងល់ក្នុងចិត្តថា ពេលនេះអាមេរិកកំពុងតែមានបាតុកម្មយ៉ាងខ្លាំង ហើយបាញ់បោះ យ៉ាងអាណាធិបតេយ្យ ប៉ុន្ដែហេតុអ្វីអ្នកខ្លះចង់ទៅរស់នៅអាមេរិកទៅវិញ៕