(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំខេត្ត និង ស.ស.យ.កខេត្ត នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ បានចុះសួរសុខទុក្ខ និងនាំជំនួយស្បៀងអាហារ ពីសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត រួមទាំងសប្បុរសជននានា ទៅចែកជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលបានជម្លៀសដោយសារទឹកជំនន់ទន្លេមេគង្គ ពីភូមិឋាននៃឃុំទន្លេបិទ និងឃុំជីរោទិ៍ទី១ ក្នុងស្រុកត្បូងឃ្មុំ មករស់នៅលើទីទួលសុវត្ថិភាព នៅទីតាំងទល់មុខប៉មទន្លេបិទ ។
លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៍ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលលោកតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ថ្លែងនាឱកាសនោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា អ្វីទាំងអស់ដែលបងប្អូនទទួលបាននាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក៍ដូចជារាជរដ្ឋាភិបាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខ ទាំងថ្ងៃទាំងយប់ និងថែរក្សាគាំពារ មិនទុកអោយបងប្អូនរងារនោះឡើយ វាខុសពីអ្វីដែលជនអគតិមួយចំនួន ដែលបងប្អូនបានលង់ជឿមួយគ្រា នូវការសន្យាខ្យល់ សន្យាដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ ជាក់ស្តែងដូចអ្វីដែលបងប្អូនបានឃើញ នាពេលកន្លងមក ។
លោក លី ឡេង ក្នុងនាមអាជ្ញាធរខេត្ត ក៍ដូចជាក្នុងនាមអាណាព្យាលបាល របស់បងប្អូនប្រជាពលរដ្ឋ បានធ្វើការអំពាវនាវ ក៍ដូចជាក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋតាមដងទន្លេទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ទោះបីថ្ងៃនេះទឹកបានស្រកបន្តិចវិញក្តី ប៉ុន្តែត្រូវតែតាមដាននូវស្ថានភាពទឹកទន្លេ និងអាសកាសធាតុឲ្យបានជាប់ជាបន្តទៀត ព្រមទាំងមើលថែកូនចៅតូចៗ របស់ខ្លួនឲ្យបានល្អ ដើម្បីត្រៀមខ្លួនទុកជាមុន បង្ការ ទប់ស្កាត់ នូវរាល់បញ្ហាដែលកើតមានឡើង ជាយថាហេតុ។
ប្រជាពលរដ្ឋទាំង៥០០គ្រួសារ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ ពិសេស ស.ស.យ.ក ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន ពួកគាត់បានចាត់ទុកដូចជាឪពុកម្តាយទី២ ប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ផ្តល់នូវភាពកក់ក្តៅ បង្កនូវលក្ខណៈងាយស្រួលគ្រប់យ៉ាង ក្នុងគ្រាដែលកំពុងជួបបញ្ហាលំបាកនេះ។
បន្ទាប់មក នៅព្រឹកដដែលនេះ លោកអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ក្រុមការងារសសយកខេត្ត អាជ្ញាធរស្រុកត្បូងឃ្មុំ និងកម្លាំងសមត្ថកិច្ច បានបន្តចុះជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមបាក់ច្រាំងចូលទន្លេ និងជូននូវថវិការមួយចំនួន ស្ថិតក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុត៕