(ភ្នំពេញ)៖ សមណនិស្សិត នៃសាកលវិទ្យាល័យព្រះសីហនុរាជជិត ២០០អង្គ/នាក់ បាននិមន្ត និងអញ្ជើញ មកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម និងទស្សនាសារមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង និងវាលពិឃាតបឹងជើងឯក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែម នូវការយល់ដឹងអំពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងការជំនុំជម្រះក្តីទៅលើឧក្រិដ្ឋកម្ម និងសោកនាដកម្ម ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ហើយព្រះសង្ឃក៏អាចចូលរួម ក្នុងការផ្សព្វផ្សាយពីដំណើរការស្វែងរកការពិត និងយុត្តិធម៌នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ព្រោះព្រះសង្ឃដើរតួនាទីយ៉ាងសំខាន់ ក្នុងការងារផ្សព្វផ្សាយ។

លោក នេត្រ ភក្ត្រា បានជម្រាបប្រគេន ព្រះសង្ឃអំពីដំណើរការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលបានកំណត់ដោយ ដែនយុត្តាធិការរបស់តុលាការ ដោយជំនុំជម្រះក្តី តែទៅលើជនពីរជំពូកប៉ុណ្ណោះ គឺអតីតមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុង ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង០០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ជនជាប់ចោទទាំងពីរ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូល សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ពាក់ព័ន្ធនឹងការជម្លៀស ប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នជនជាប់ចោទទាំងពីរនេះ កំពុងរង់ចាំការប្រកាសសាល ក្រមលើសំណុំរឿង ០០២/០២ ដោយបទចោទនៅក្នុងសំណុំរឿងនេះ ផ្តោតឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់ លើអង្គហេតុជាច្រើន ក្នុងនោះក៏មានការចោទប្រកាន់ពាក់ព័ន្ធនឹង ការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជនផងដែរ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមដីកាដំណោះស្រាយសំណុំរឿង០០២ បក្សកុម្មុយនិស្តកម្ពុជា បានអនុវត្តគោលការណ៍ ហាមឃាត់មិនឱ្យមាន និងគោរពព្រះពុទ្ធសាសនា។ វត្តអារាម និងព្រះវិហារជាច្រើន ត្រូវបានបំផ្លាញចោល ឬត្រូវបានផ្លាស់ប្តូរសម្រាប់គោលដៅផ្សេងៗដូចជាមន្ទីរសន្តិសុខ ទ្រុងជ្រូក រោងបាយរួម មន្ទីរពេទ្យ ឬឃ្លាំង ស្តុកសម្ភារៈ។ ព្រះពុទ្ធបដិមាត្រូវបានគេបំផ្លាញចោល ហើយសូម្បីតែការអុជទៀនធូបក៏ត្រូវបានហាមឃាត់ផងដែរ។

តាមដីកាដំណោះស្រាយដដែល បក្សកុម្មុយនិស្តកម្ពុជា បានជំរុញឱ្យមានការស្អប់ខ្ពើមព្រះសង្ឃ និងដូនជីដោយបានផ្សព្វផ្សាយថា ព្រះសង្ឃ គឺជាប៉ារ៉ាសិត ឈ្លើងជញ្ជក់ឈាម តេនញ៉ា។ ព្រះសង្ឃ និងដូនជីស្ទើរទាំងអស់ត្រូវបានចាប់ផ្សឹក។ ព្រះសង្ឃមួយចំនួន ត្រូវបានគំរាមកំហែងដល់អាយុជីវិត ឬត្រូវសម្លាប់ បើសិនជាមិនព្រមធ្វើតាម។ បន្ទាប់ពីត្រូវផ្សឹកហើយ ព្រះសង្ឃទាំងនោះត្រូវបង្ខំឱ្យធ្វើពលកម្ម និងធ្វើស្រែចម្ការ។ ការលុបបំបាត់សាសនា ការបំផ្លិចបំផ្លាញវត្តអារាម និងការប្រើប្រាស់វត្តអារាមក្នុងគោល បំណងផ្សេងទៀត។ល។ បានកើតជាទូទៅនៅគ្រប់ខេត្តទាំងអស់ នៃប្រទេសកម្ពុជាក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៨៧នាក់ត្រូវបានប្រកាស ទទួលស្គាល់នៅក្នុងបរិបទនៃ «ប្រព្រឹត្តកម្មលើពុទ្ធសាសនិក»៕