(កំពង់ធំ)៖ ស្ត្រីមា្នក់រស់នៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺអ្នកស្រី ហ៊ុល ឈាង អាយុ៤៦ឆ្នាំ បានថ្លែងសុំទោសជាសាធារណៈ នៅចំពោះមុខអធិការ នគរបាលស្រុកបារាយណ៍ នៅចំពោះការនិយាយរបស់ខ្លួនថា មានគេចាប់កូនក្មេងរហូតដល់៩នាក់ វះយកគ្រឿងក្នុង (ក្រលៀន និងភ្នែក) ដែលធ្វើឲ្យមានការនិយាយតៗគ្នា រហូតបង្កការភ័យខ្លាចពីសំណាក់ពលរដ្ឋផ្សេងទៀតលើរឿងប្រឌិតបែបនេះ។
កាលពីចុងខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ អ្នកស្រី ហ៊ុល ឈាង បាននិយាយថា មានគេចាប់កូនក្មេងនៅឃុំអណ្តូងពោធិ៍ រហូតដល់៩នាក់ ដើម្បីវះយកក្រលៀន និងភ្នែក ហើយការនិយាយរបស់អ្នកស្រី ត្រូវបានគេយកទៅបង្ហោះ និងចែកចាយតាមបណ្តាញសង្គម Facebook ដែលធ្វើឲ្យមានការយល់ច្រឡំពីម្នាក់ទៅម្នាក់ បង្កើតជាកាភ័យខ្លាច ដល់ប្រជាពលរដ្ឋផ្សេងទៀត។
ក្រោយពីទទួលបានព័ត៌មាននេះ អធិការនគរបាលស្រុកបារាយណ៍ ក្រោមការបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីស្នងការ អ៊ុក កុសល បានទៅហៅស្ត្រីរូបនេះ មកធ្វើការសួរនាំទើបដឹងថា អ្វីដែលគាត់និយាយនោះ គឺជារឿងមិនពិត ពោលគ្រាន់តែនិយាតៗគ្នាប៉ុណ្ណោះ ដូច្នេះអ្នកស្រីសូមទោសសមត្ថកិច្ចជាសាធារណៈ និងប្រជាពលរដ្ឋទៅទូទាំងប្រទេស។
នៅចំពោះមុខអធិការស្រុកបារាយណ៍អ្នកស្រី ហ៊ុល ឈាង បានលើកដៃសំពះដោយនិយាយថា «នាងខ្ញុំសូមទោសសមត្ថកិច្ចគ្រប់ថ្នាក់ ប្រជាពលរដ្ឋទូទាំងប្រទេស និងអធិការស្រុកបារាយណ៍ ដែលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នាងខ្ញុំបាននិយាយពីរឿងគេចាប់ក្មេង...រឿងនេះ គឺជារឿងមិនពិត ខ្ញុំឮតគ្នាពីកន្លែងកើតហេតុ ខ្ញុំលឺតគ្នាធ្វើឲ្យប្រជាជន ២-៣ឃុំ មានការជ្រួលច្របល់យល់ច្រឡំថា រឿងពិត តែវាមិនពិត រួចទៅអត់ឃើញមានអី។ នាងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស កុំឲ្យមានការយល់ច្រឡំរឿងចាប់ក្មេងទៀត បើឃើញតាម Facebook ឬគេញុះញង់ដើម្បីជួយធ្វើអន្តរាគមន៍»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រីស្នងការ អ៊ុក កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះថា «នៅទូទាំងខេត្តកំពង់ធំ រហូតមកដល់ពេលនេះ ពុំមានករណីបាត់ក្មេង ឬចាប់ក្មេងនោះឡើយ ហើយសម្រាប់ស្ត្រីរូបនេះ សមត្ថកិច្ចយើងបានធ្វើការអប់រំ និងចុះកិច្ចសន្យាបញ្ឈប់នូវសកម្មភាព ខុសឆ្គងនេះ»។
សូមបញ្ជាក់ថា ដោយសារតែការប្រឌិតរឿងចាប់ក្មេងវះយកគ្រឿងក្នុង នៅឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើឲ្យប្រជាពលរដ្ឋរាប់រយ ផ្ទុះជាអពើហិង្សាវាយដំ ទៅលើជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចម៉ូតូបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែបាតុភាពមួយនេះ ត្រូវបានដោះស្រាយបញ្ចប់រហូតមានការឃាត់ខ្លួន និងតុលាការឃុំខ្លួនសកម្មជន គណបក្សសង្គ្រោះជាតិម្នាក់ ដាក់ពន្ធនាគារ ដែលប្រឌិតរឿងបែបនេះផងដែរ៕