(ភ្នំពេញ)៖ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋាន អភិបាលខណ្ឌច្បារអំពៅថ្មីលោក ចេង មុនីរ៉ា បានព្រមានធ្ងន់ៗ ដល់ចៅសង្កាត់ទាំងឡាយណា ដែលធ្វើអ្វីតាមតែអំពើចិត្តខ្លួន មិនគោរពតាមលក្ខខណ្ឌច្បាប់ ឬច្បាប់ដែលបានកំណត់ ពិសេសមិនគោរពតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ហើយមិនដូច្នេះទេ ចៅសង្កាត់នោះនឹងត្រូវចាត់ការទៅតាមផ្លូវច្បាប់។
ការថ្លែងព្រមានធ្ងន់ៗ ពីសំណាក់លោកអភិបាលខណ្ឌ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ ដោយមានសមាសភាពចូលរួមពីសំណាក់លោកអធិការ មេបញ្ជាការអាវុហត្ថ ចៅសង្កាត់ទាំង៨ និងមន្ត្រីចំណុះ ជំនាញជាច្រៀនទៀតផងដែរ។
ថ្លែងក្នុងការព្រមាននោះលោកអភិបាលខណ្ឌ បានស្តីបន្ទោសធ្ងន់ៗ ចំពោះចៅសង្កាត់ព្រែកប្រាទើបឡើងថ្មីលោក ឃិន សុខហៀង ចំពោះសកម្មភាពយកធុងហិបមូលនិធិ ដាក់ក្នុងសាលាសង្កាត់ ក្នុងគោលបំណងរៃអង្គាសលុយពីពលរដ្ឋ ដែលបានទៅបំពេញឯកសារ ឬទៅរកការធ្វើសេវាសាធារណៈនៅទីនោះ។
លោកអភិបាលខណ្ឌ បានថ្លែងថា «ការធ្វើបែបនេះគឺជាកាធ្វើខុស ផ្ទុយនឹងច្បាប់ដែលបានចែង ព្រោះថាកន្លែងផ្តល់ ឬបម្រើសេវា សាធារណៈ គឺជាកន្លែងដែលធ្វើឯកសារ ពាក់ព័ន្ធផ្សេងៗ ជូនពលរដ្ឋដោយមិនគិតពីកម្រៃជាថ្នូ ក្រៅពីឯកសារណាដែលបានចុះបញ្ជីរ អន្តរក្រសួង ដែលតម្រូវឲ្យពលរដ្ឋត្រូវបង់ជូនតាមច្បាប់កំណត់ប៉ុណ្ណោះ។ ដូច្នេះហើយ ទង្វើរបស់លោកចៅសង្កាត់ គឺធ្វើល្មើសនឹងច្បាប់ របស់រដ្ឋ»។
លោក ចេង មុនីរ៉ា បានបន្ថែមថា ចៅសង្កាត់ទាំងអស់គ្មានសិទ្ធិជ្រើសរើសយកកម្លាំង ឬមនុស្សមកបម្រើការងារក្នុងឋានានុក្រមខ្លួន ដោយចិត្តឯងបានឡើយ គឺត្រូវសម្រេចដោយ រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកជ្រើសរើស ឬចាត់តាំងតែប៉ុណ្ណោះ។ ក្នុងនោះដែរ ប្រសិនបើរដ្ឋបាលខណ្ឌច្បារអំពៅរកឃើញថា ចៅសង្កាត់ណាដែលធ្វើអ្វីល្មើស ទៅនឹងច្បាប់ដែល បានកំណត់ ពិសេសល្មើស តាមការរៀបរាប់ខាងលើ ចៅសង្កាត់នោះនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ជាក់ជាមិនខាន។
ថ្លែងក្នុងកិច្ចប្រជុំដដែល លោកអភិបាល ក៏បានធ្វើការស្នើដល់ចៅសង្កាត់ទាំង៨ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយក ចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាប លើបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលចំណុច ទាំងអស់នេះ ជាស្នូលនៃការបង្កើតឲ្យមានបទល្មើសលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខផ្សេងៗជាច្រើនទៀត កើតមាននៅក្នុង មូលដ្ឋាន៕