(ភ្នំពេញ)៖ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតដំបូងបង្អស់នៅកម្ពុជា ក្នុងការឈ្នះពានរង្វាន់និយោជកល្អបំផុតប្រចាំអាស៊ី នៅថ្ងៃទី០១ សីហានេះ។

នេះគឺជាពានរង្វាន់ទីពីរដែល EZECOM បានទទួលនៅក្នុងឆ្នាំ២០១៧​ នេះ។ កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុនបានទទួលបានពានរង្វាន់ អ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្អបំផុតសម្រាប់ពាណិជ្ជកម្ម ដែលត្រូវបានជ្រើសតាំងដោយការសិក្សាស្រាវជ្រាវពី IDG និងរបាយការណ៍ក្នុងវេទិកា 4G LTE ហើយទាំងនេះ គឺជាសមិទ្ធិផលឆ្នើមក្នុងការគ្រប់គ្រងប្រកបដោយគុណភាព ការអភិវឌ្ឍធនធានមនុស្សប្រកបដោយឧត្តមភាព និងការចូលរួមយ៉ាងសកម្មក្នុងការសហគមន៍។

លោក វេត សុខឃីម ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស បានឲ្យដឹងថា​«នៅក្រុមហ៊ុន EZECOM គុណតម្លៃស្នូលមួយនៃគុណតម្លៃទាំងប្រាំរបស់យើងគឺធនធានមនុស្ស។ យើងផ្តល់ឱកាស ដល់បុគ្គលិកស្មើៗគ្នា និងធ្វើការជ្រើសរើសផ្អែកលើសមត្ថភាពនិងគោរពតាមគោលការណ៍សិទ្ធិមនុស្សដោយគ្មានការរើសអើងពីអាយុ ប្រភព ស្ថានភាពរស់នៅ ឬ ពណ៌សម្បុរឡើយ ហើយយើងក៏បានលើកទឹកចិត្ដ និងផ្តល់ឱកាសជូន ស្ត្រី រួមទាំងអ្នកពិការដើម្បីបម្រើរការងារក្នុងក្រុមរបស់យើងផងដែរ»

លោកបានបន្តទៀតថា «យើងដាក់ទុនវិនិយោគ និងកិច្ចខិតខំប្រឹងប្រែងលើការអភិវឌ្ឍធនធានមនុស្ស និងមានភាពរីករាយដែលបានឃើញការរីកដុះដាលទាំងនេះ។ គុណតម្លៃ និងគោលនយោបាយដែលយើងមាន បានជម្រុញឲ្យយើងក្លាយជាអ្នកផ្គត់ផ្គង់សេវាកម្មលំដាប់ខ្ពស់ និងជាមូលហេតុនាំឲ្យយើងឈ្នះពានរង្វាន់ក្នុងថ្ងៃនេះ»

ពានរង្វាន់និយោជកល្អបំផុតប្រចាំអាស៊ី២០១៧ ត្រូវបានរៀបចំឡើងដោយ Employer Branding Institute រួមជាមួយ World HRD Congress និង Star of the Industrial Group នៅសណ្ឋាគារ Le Meridien ប្រទេសសិង្ហបុរី ដោយមានការចូលរួមពីអ្នកដឹកនាំពាណិជ្ជកម្មជាន់ខ្ពស់នៅទូទាំងបណ្តាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឧកញ៉ា ផូល ប្លែនហរហ្គែន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា «វាជាកិត្តិយសសម្រាប់យើងទាំងអស់គ្នានៅក្នុងក្រុមហ៊ុន EZECOM ក្នុងការទទួលពានរង្វាន់និយោជកល្អបំផុតប្រចាំអាស៊ីនេះ។ នេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពល្អបំផុត ព្រមទាំងការកសាងនូវបរិស្ថានការងារដ៏ប្រសើរដល់បុគ្គលិកទាំងអស់»

បង្កើតឡើងក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន EZECOM គឺក្រុមហ៊ុន ISP តែមួយគត់ដែលទទួលបានវិញ្ញាបនបត្រ ISO និងអ្នកគាំទ្រសុវត្ថិភាពកុមារ។ EZECOM ផ្ដល់នូវសេវាកម្មទំនាក់ទំនងថ្នាក់ជាតិនិងថ្នាក់តំបន់ រួមមានសេវាអ៊ីនធឺណិតដែលមានល្បឿនលឿន ផលិតផលអ៊ីនធឺណិត និងមជ្ឈមណ្ឌលទិន្នន័យលំដាប់ពិភពលោក។

ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការនាំយកនូវអ្នកជំនាញប្រកបដោយសមត្ថភាព EZECOM មានភាពល្បីល្បាញក្នុងទីផ្សាខ្សែកាប្លិ៍អុបទិកនៅកម្ពុជា នាំមុខដោយការផ្តល់សេវាកម្មដល់ដៃគូប្រកួតប្រជែង និងកសាងកេរ្តិ៍ឈ្មោះសម្រាប់អតិថិជនខ្នាតធំ៕