(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានបង្ក្រាបក្រុមចោរឆក់៣នាក់ បន្ទាប់ពីធ្វើកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវ នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ក្រុមទី១៧ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបទាំង៣នាក់ ទី១៖ឈ្មោះ ស៊្រុន ឈុនទី ហៅឡាទី អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១E1 វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក, ទី២៖ឈ្មោះ រ៉េន សុខរតនៈ ហៅ រតនៈ អាយុ១៩ឆ្នាំ សិស្សស្វ័យរិនថ្នាក់ទី១២ វិទ្យាល័យឥន្រ្ទទេវី និងទី៣៖ឈ្មោះ កុសល បញ្ញាសិទ្ធ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៨F2 អនុវិទ្យាល័យសន្ធរម៉ុក។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ឹង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់តុគុយទាវ។
នគរបាលមូលដ្ឋានបានរៀបរាប់ពីដំណើររឿងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូតាមផ្លូវលេខ១២៨ ពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានដកទូរស័ព្ទ ម៉ាក Iphone 7 plus ពណ៌ខ្មៅ មកកាន់និយាយ ពេលនោះស្រាប់តែជនសង្ស័យ២នាក់ បានមកអែបខាងស្តាំ ហើយឆក់យកទូរស័ព្ឌដៃពីជនរងគ្រោះបានសម្រេច។ ពេលនោះជិះក្រុមចោរបានព្យាយាមគេចខ្លួន ប៉ុន្ដែជនរងគ្រោះបានបើកម៉ូតូដេញតាម បំបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួលម៉ូតូទាំងអស់គ្នា ហើយស្របពេលនោះកម្លាំងនគរបាលកំពុងតែល្បាត នឹងបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងអ្នកបិទគូទម្នាក់ទៀត។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ដែលរងរបួសនោះ បានបញ្ជូនទៅព្យាបាលនៅគ្លីនិចពិភពពន្លឺ ដោយឡែកជនសង្ស័យទាំង៣នាក់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕