(ភ្នំពេញ)៖ ជនជាប់ចោទ៣នាក់ ក្នុងនោះមានស្ត្រីអូស្ត្រាលីម្នាក់ ពាក់ព័ន្ធករណីអំពើជាអន្តរការីនៃការពរពោះ ឬនិយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និងផ្តល់ឯកសារដោយទុច្ចរិត នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ ត្រូវបានលោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសក្នុងម្នាក់ៗ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល។
ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ អំពើធ្វើជាអន្តរការី នៃអំពើពពោះ និងបទសុំឲ្យផ្តល់ឯកសារដោយទុច្ចរិតតាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនជនរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរការី នៃការពរពោះ ឬនិយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និងផ្តល់ឯកសារដោយទុច្ចរិត។
លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ថ្លែងថា ជនសង្ស័យឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃ ចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពពោះ ដើម្បីកើតកូនជំនួស បញ្ហានេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រឡាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ៕