(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២។
កិច្ចពិគ្រោះយោបល់ខាងលើ ត្រូវបានធ្វើឡើងជាមួយតំណាងគណបក្សនយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូជាតិ-អន្តរជាតិនានា មានសហភាពអឺរ៉ុប JICA ជាដើម និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
គ.ជ.ប ធ្លាប់បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត រាប់ទាំងអ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកគ្រប់យូរហើយតែមិនទាន់ចុះឈ្មោះបោះឆ្នោត និងអ្នកផ្លាស់ប្តូរទីលំនៅថ្មីនោះ មានប្រមាណជាង ២លាននាក់។
ចំណែកឯការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕