(ភ្នំពេញ)៖ ក្នុងកិច្ចសហប្រតិបត្ដិការ រវាងក្រុមហ៊ុន Worldbridgeland (Cambodia )Co.,Ltd. និងក្រុមហ៊ុន Sino Great Wall International Co.,Ltd. បានព្រមព្រៀងគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ក្នុងការបង្កើតក្រុមហ៊ុនវិនិយោគ(ជាក្រុមហ៊ុន) ដើម្បីអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងទូទាំងកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានប្រារព្ធធ្វើឡើង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Sofitel ក្រោមវត្ដមាន លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុន Worldbridgeland (Cambodia )Co.,Ltd. និងLiang Rong អនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sino Great Wall International Co.,Ltd. ។
លោកឧកញ៉ាសៀ ឬទ្ធី បានថ្លែងថា «ក្រុមហ៊ុនថ្មីមួយ ដែលត្រូវបង្កើតឡើងនេះ មានគោលដៅ បំពេញការងារ យ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលរ៉ាប់រង យកគម្រោងការនានា របស់រាជរដ្ឋាភិបាល មកអនុវត្ដ តាមទិសដៅ ចូលរួមជួយអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ឲ្យមានលក្ខខណ្ឌ កាន់តែល្អប្រសើរឡើង» ។
លោកឧកញ៉ាសៀ ឬទ្ធី បានលើកឡើងថា នេះជាកិត្ដិយសយ៉ាងធំក្រៃលែង ដែលក្រុមហ៊ុន Worldbridgeland (Cambodia )Co.,Ltd. បានចាប់ដៃគូ ជាមួយនិងក្រុមហ៊ុន Sino Great Wall International Co.,Ltd. របស់ប្រទេសចិន និងដែលជាក្រុមហ៊ុនមួយដែលធ្លាប់ មានបទពិសោធន៍ ដ៏រឹងមាំ ក្នុងកាសាងសង់សំណង់អគារធំៗជាច្រើន ប្រកបដោយគុណភាព នៅក្នុងបណ្ដាប្រទេសនានា ជាច្រើន។
លោកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវបង្កើតនេះ នឹងធ្វើដំណើរ ឆ្ពោះទៅកាន់ទិសដៅ ដ៏ត្រឹមត្រូវមួយ ស្របពេល ដែលប្រទេសកម្ពុជា មានចំណាប់អារម្មណ៍ យ៉ាងខ្លាំង ពីការប៉ុនប៉ង ចូលមកវិនិយោគពីបរទេស ក៏អាស្រ័យដោយមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាតិដ៏រឹងមាំផងដែរ។ប្រទេសកម្ពុជា ត្រូវការស្ថាបនា និងពង្រីកប្រណីតភាពហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីទ្រទ្រង់ដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់ ដល់តម្រូវការរបស់វិនិយោគគិននានាផងដែរ។
លោក Liang Rong បានថ្លែងផងដែរថា «ក្រោយពេលដែលក្រុមហ៊ុនយើងទាំងពីរ ចុះហត្ថលេខាយោគយល់គ្នា នៅថ្ងៃនេះ ក្នុងឆាប់ៗខាងមុខនេះ ក្រុមហ៊ុនយើងទាំងពីរ នឹងសហការគ្នា វិនិយោគដាក់ទុន ក្នុងការកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា» ។
លោក Liang Rong បានបញ្ជាក់ទៀតថា លោកពិតជាមានកិត្ដិយសណាស់ដែលបានសហការជាមួយ ក្រុមហ៊ុន Worldbridgeland (Cambodia )Co.,Ltd. ដែលបច្ចុប្បន្ន ក្រុមហ៊ុន ក៏បានចុះបញ្ជិកាក្នុងទីផ្សារ ភាគហ៊ុន នៅShenzhen ប្រទេសចិន ហើយក្រុមហ៊ុន Sino Great Wall ជាក្រុមហ៊ុនដែលមានធនធាន និងមធ្យោបាយជាក់លាក់ ក្នុងការទទួលយកគម្រោងការខ្នាតធំៗ មកអនុវត្ដ ។ លើសពីនេះទៀត Sino Great Wall មានឆន្ទៈ ដើម្បីឆក់យកឱកាសពីភាពជាដៃគូ នាពេលនេះ ដើម្បីរួមចំណែកផ្ដល់វិភាគទាន ដ៏ល្អប្រសើរ នូវធនធានរបស់ខ្លួន ដែលមានក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ៕