(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនជាតិចិនជិត២០០នាក់ ដែលពាក់ព័ន្ធចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet នៅគោលដៅចំនួន០២ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃនេះថា ជាលទ្ធផលកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ឆបោក គំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ទូគមនាគមន៍ (VOIP) ជាជនជាតិចិនជិត ២០០នាក់ ព្រមទាំងបានរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនធំ និងបញ្ជីឈ្មោះជនរងគ្រោះនៅប្រទេសចិន ដែលសម្រាប់ពួកវាខលទៅគំរាមជំរិតទារប្រាក់។
លោកឧត្តមសេនីយ៍បានបន្តថា បន្ទាប់មកនៅរសៀលថ្ងៃដដែល កម្លាំងចំរុះបានសម្រេចយកមករក្សាទុកនៅកន្លែងត្រៀមបណ្ដេញចេញ របស់ក្រុមប្រតិបត្តិការទី១ខេត្ត សៀម រាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
នៅរសៀលថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ បានចុះទៅពិនិត្យជនសង្ស័យនៅមណ្ឌលត្រៀមបណ្ដេញចេញ ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ឲ្យយកចិត្តទុកដាក់ពិនិត្យសុខភាព អនាម័យជនសង្ស័យនៅមណ្ឌល និងរៀបចំឯកសារគតិយុត្តិ ដើម្បីបណ្ដេញជនសង្ស័យទាំងអស់ខាងលើចេញពីព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ក្រាបករណីខាងលើនេះ២ករណី ដោយបានបណ្ដេញចេញជនសង្ស័យជាជនជាតិចិនចំនួន ១០៤នាក់ និងនៅដើមខេត្តសីហា ថ្ងៃទី២នេះ បង្ក្រាបបានជិត២០០នាក់ថែមទៀត។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋមានការសហការ រាយការណ៍ជូនសមត្ថកិច្ច អំពីវត្តមានជនបរទេសដែលប្រមូលផ្តំ គ្នាជួលលំនៅដ្ឋានស្នាក់នៅ ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដែលបណ្តាលឲ្យមានជនរងគ្រោះ និងបាត់បង់ថវិកាជាច្រើនផងដែរ។