(កណ្ដាល)៖ ក្រុមក្មេងទំនើង៩នាក់ ដែលប្រដាប់ដោយដាវធ្វើសកម្មភាពស្រែកឡូឡា អុកឡុកហាងតែគុជកន្លែង នៅក្នុងក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ត្រូវកម្លាំងនគរបាលមូលដ្ឋានបង្ក្រាបបាន នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅពេលកើតហេតុក្រុមជនសង្ស័យ បានផឹកស្រាស្រវឹងហើយជិះម៉ូតូ ស្រែកឡូឡា ចូលអុកឡុកក្នុងហាងតែគុជ ស្ថិតនៅក្នុងក្រុមហ៊ុន 7NG ក្នុងពេលធ្វើសកម្មភាពត្រូវបានកម្លាំង សន្តិសុខក្រុមហ៊ុន7NG បានព័ទ្ធចាប់បានក្រុមជនសង្ស័យទាំង៩នាក់ រួចប្រគល់ឲ្យកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលតែម្ដង។
ក្រុមក្មេងទំនើងដែលបង្ក្រាបបាននោះរួមមាន ទី១៖ឈ្មោះ សុខុម សុខឃាង ហៅប៉ុយ អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ នីន យុទ្ធ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ ព្រិល ជីឡា អាយុ១៩ឆ្នាំ, ទី៤៖ឈ្មោះ ម៉ី ម៉ុក ហៅសុខមួយ, ទី៥៖ឈ្មោះ ផេង ភី អាយុ១៧ឆ្នាំ, ទី៦៖ ឈ្មោះ ភាន់ ភារៈ ហៅនៅ, ទី៧៖ឈ្មោះ សុខអេង ផានិត ហៅញ៉, ទី៨៖ឈ្មោះ រ៉ឺន រៀម ហៅរ័ត្ន អាយុ១៦ឆ្នាំ និងទី៩៖ឈ្មោះ ជា ភាង អាយុ២១ឆ្នាំ។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្នុងនោះកម្លាំងនគរបាលដកហូតបាន២ដើម និងម៉ូតូ៦គ្រឿង ផងដែរ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់បន្ដ៕