(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល បានបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ដែលធ្វើសកម្មភាពយ៉ាងច្រើនករណីក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះសំណាក់ ឧត្តុង្គមហាហេង ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ។
លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដោយចាប់បានជនសង្ស័យ២នាក់ ឈ្មោះ គា សុវណ្ណារ៉ា អាយុ២២ឆ្នាំ និងឈ្មោះ ចាន់ រដ្ឋា អាយុ១៧ឆ្នាំ។ បើតាមលោកស្នងការរង ជុំវិញរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន កាំភ្លើងខ្លី១ដើម ម៉ាករ៉ូឡូ WL, គ្រាប់ចំនួន៥គ្រាប់, ទូរស័ព្ទ១គ្រឿងនិងអាយផេត១គ្រឿងផងដែរ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានរៀបរាប់ពីដំណើរសាច់រឿងថា កម្លាំងមហាជនល្អបានផ្តល់ព័ត៌មានថា មានជនសង្ស័យមកចូលដេកផ្ទះសំណាក់ ដោយមានការសង្ស័យខាងលើ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានចុះទៅឆែកឆេរបន្ទប់ស្នាក់នៅ បានរកឃើញ(អាវុធ) វត្ថុតាងខាងលើ ភ្លាមនោះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកពញាឮ។
បើតាមចម្លើយសារភាព ពួកគេបានធ្វើសកម្មភាពជាច្រើនករណីនៅរាជធានីភ្នំពេញ ហើយលើកចុងក្រោយនេះ បានប្លន់ម៉ូតូ Zommer-X មួយគ្រឿងផងដែរ។
ដោយឡែកនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ សាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់ផងដែរ៕