(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានលើកឡើងដោយក្តីជឿរជាក់ថា តម្លៃស្រូវអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះ នឹងមិនធ្លាក់ថ្លៃនោះទេ ដោយសារតែស្រូវអង្ករមានតម្រូវការច្រើននៅលើពិភពលោក រួមទាំងមានការចុះកិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើន ក្នុងការនាំចេញផងដែរ។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី និងការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោនសម្រាប់
រយៈពេល៥ឆ្នាំ រវាងកម្ពុជា និងបង់ក្លាដេស នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនជឿរថា តម្លៃស្រូវធ្លាក់ចុះនោះទេ ព្រោះមានតម្រូវការច្រើនណាស់នៅលើពិភពលោក ក៏ដូចជាប្រទេសដទៃទៀតដែរ។... ឆ្នាំនេះកម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដេសចំនួន២៥ម៉ឺនតោន យើងមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញទៅបង់ក្លាដេស»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចាត់ទុកថា ការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ ជាមួយបង់ក្លាដេសនេះ សំដៅធ្វើពិពិធកម្ម ទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេស ធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ដទៀតថា យើងអាចនឹងសហការគ្នាបន្ថែមទៀតជាមួយនឹងបង់ក្លាដេស ទៅលើវិស័យកសិកម្ម ដើម្បីជួយផ្ដល់នូវជំនួយកសិផល ទៅបង់ក្លាដេសនៅពេលក្រោយបន្ថែមទៀត តែជំហានទីមួយនេះយើង ធ្វើការងាររឿងស្រូវអង្ករសិន ប្រសិនបើការនាំចេញរវាងកម្ពុជា និងបង់ក្លាដេស មានភាពងាយស្រួលនោះ យើងនឹងបន្ដលក់កសិផលផ្សេងៗទៀត ទៅបង់ក្លាដេសបន្ថែមទៀត។
សូមបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឆ្នាំ២០១៦ មានចំនួន ៥៤២,១៤៤តោន ពោលគឺបានកើនឡើង ០.៧០% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនត្រឹមតែ ៥៣៨,៣៩៦ តោន។ សម្រាប់ឆមាសដំបូង នៃឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើទិន្នន័យផ្ដល់ដោយនាយកដ្ឋានផែនការ ស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕