(ប៉ៃលិន)៖ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានបើកវគ្គផ្សព្វផ្សាយអប់រំស្តីពី គ្រោះនៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ជំងឺកាមរោគ និងជំងឺអេដស៍ ដល់សិស្សានុសិស្សចំនួន៣៥០នាក់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន។
លោក ស៊ាន បូរ៉ាត់ បានជំរុញដល់បុគ្គលិកសិក្សាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវខិតខំអប់រំយុវជន និងសិស្សានុសិស្សឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ គ្រប់ផ្នែក គ្រប់ជំនាញដើម្បីបង្កើត និងពង្រឹងពង្រីកសមត្ថភាពឲ្យក្លាយខ្លួន ជាយុវជនល្អជាទំពាំងស្នងឫស្សី ចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ។
លោក ស៊ាន បូរ៉ាត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចជា៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន់ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបម្រើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែក វិស័យអប់រំវិញក៏បានកំពុង យកចិត្តទុកដាក់ខ្ពស់ ដោយបានអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនគ្រប់ផ្នែក ទាំងខាងចំណេះដឹង ចំណេះធ្វើ សុខភាព កាយសម្បទា សីលធម៌ និងការរស់នៅថ្លៃថ្នូចៀសផុតពីអំពើអបាយមុខ និងអំពើហិង្សា ព្រោះថាយុវជនជាអ្នកបន្តវេននៃការដឹកនាំ និងការអភិវឌ្ឍ សង្គមជាតិ និងប្រទេសជាតិឲ្យមានការរីចចំរើននៅពេលអនាគត់។
ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើរដល់យុវជន និងសិស្សានុសិស្សទាំងអស់ត្រូវត្រងត្រាប់ស្តាប់ នៃការពន្យល់ពីគ្រូឧទ្ទេសដែលធ្វើបទបង្ហាញ ដើម្បីក្រេបយកចំនេះដឹងទាំងនេះយកមកពង្រឹកពង្រីកសមត្ថភាពរបស់ខ្លូនឲ្យបានកាន់តែល្អថែមទៀត។
បើតាមរបាយការណ៍របស់លោក ជា អិត អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៦/២០១៧ ខេត្តប៉ៃលិន មានសាលារៀន សរុប៨៤សាលា ស្មើនឹង៤៩៥ថ្នាក់ មេតេយ្យ២៧សាលា បឋម៤៩សាលា មធ្យម៨សាលា មានសិស្សានុសិស្សសរុបចំនួន ១៥,៣១០នាក់, ស្រី៧៩៨១នាក់៕