(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានជួបជាមួយលោកស្រី អេនជេលឡា ខកខឺរ៉េន ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សានូវកម្មវិធីអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី។
លោកស្រី អេនជេលឡា ខកខឺរ៉េន បានបញ្ជាក់ថា លោកស្រីពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែង និងរឹងមាំ ក្នុងការស្វែងរកសន្តិភាព និងកិច្ចការងារអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី។
លោកស្រីបានបន្តថា ក្នុងដំណើរទស្សកិច្ចមកកាន់ខេត្តសៀមរាបនាពេលនេះ មានគោលបំណងស្វែងយល់ និងចុះពិនិត្យដោយផ្ទាល់ ក្នុងកិច្ចការអភិវឌ្ឍគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងខេត្តសៀមរាប និងចុះពិនិត្យលើកការជួលជុល ផ្លូវជនបទ២ខ្សែឡើងវិញ ក្រោមជំនួយគម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំ២០១១ ២០១២។
បើតាមឯកអគ្គរាជទូត ក្នុងខេត្តសៀមរាបផ្ទាល់នេះរដ្ឋាភិបាលអូស្ត្រាលី មានគម្រោងជួសជុល ស្ដារឡើងវិញ និងកែលំអរផ្លូវខេត្តសរុប១៧គីឡូម៉ែត្រ និងផ្លូវជនបទ៣ខ្សែ មានប្រវែង៥៧,៥គីឡូម៉ែត្រ ក៏ដូចជាកសាងនូវទំនប់ទឹកផងដែរ។ គម្រោងបន្ទាប់គឺកំណាត់ផ្លូវ FR7 ជាការកែលំអរផ្លូវក្រោមគម្រោងស្ដារឡើងវិញ នូវផ្លូវលំជនបទដែលទឹកប្រាក់សរុបជាង២២.៨លានដុល្លារ ផ្លូវទាំងនេះសរុបប្រមាណ១២២គីឡូម៉េត្រ គឺត្រូវកែលំអរដោយចាក់កៅស៊ូពីរជាន់ នឹងត្រូវអភិវឌ្ឍក្នុងឆ្នាំ២០១៧ ២០១៨នេះ។ ក្រៅពីគម្រោងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គម្រោងជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីក៏មានគម្រោងលើវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី ក្នុងកិច្ចការងារជួយស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា និងគម្រោងអភិវឌ្ឍផ្សេងៗស្ទើរគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនជាតិ ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើឲ្យប្រជាជនក្នុងខេត្តសៀមរាប ទទួលបានផលប្រយោជន៍យ៉ាងច្រើន៕