(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃពុធ ទី២ ខែសីហានេះ បានអះអាងថា ការធ្វើចំណាត់ថ្នាក់ឡើងវិញ ដោយធនាគារពិភពលោក ស្តីពីការឡើងថ្នាក់របស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតទាប ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់អនុគ្រោះពន្ឋ លើការនាំចេញទៅកាន់ ប្រទេសអភិវឌ្ឍន៍ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ GMAC ដែល Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២ ខែសីហានេះ។
សេចក្តីថ្លែងការណ៍បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកមួយបានរាយការណ៍ថា កម្ពុជានឹងបាត់បង់ការផ្តល់អនុគ្រោះពន្ធលើការនាំចេញ ឬពន្ធអនុគ្រោះពន្ធ GSP ផ្សេងៗទៀតនៅពេលដែលខ្ឡួននាំបានឈានក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងក្នុងរយៈពេល 3 ឆ្នាំខាងមុខ។
លោក កែន លូ អគ្គលេខាធិការ GMACបានលើកឡើងថា ការក្លាយខ្លួនរបស់ប្រទេសកម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតទាបនេះ គឺគ្រាន់តែប៉ះពាល់ដល់កម្រិត នៃការផ្តល់ជំនួយអភិវឌ្ឍន៍ ដែលធនាគារពិភពលោក ផ្តល់ជូនប្រទេសនានា ហើយវានឹងមិនប៉ះពាល់ដល់ការ អនុគ្រោះពន្ឋនាំចេញផ្សេងៗឡើយ។
លោកលើកឡើងថា «ចំពោះធនាគារពិភពលោកពិតណាស់ សម្រាប់បញ្ហាផ្ទៃក្នុងរបស់គេ នឹងមានការចាត់ចំណាត់ថ្នាក់សម្រាប់ប្រទេសនិមួយៗ។ ប៉ុន្តែនេះពាក់ព័ន្ធតែ និងគ្រាន់តែប៉ះពាល់ដល់កម្រិត នៃជំនួយអភិវឌ្ឍន៍ដែលធនាគារពិភពលោកបានបែងចែកទៅកាន់ប្រទេសក្រីក្រតែប៉ុណ្ណោះ។
លោក កែន លូ បានថ្លែងទៀតថា «ហើយនៅពេលរឿងនេះ កើតឡើងវានឹងប៉ះពាល់ដល់ការសម្រេចចិត្តផ្ទៃក្នុង របស់ធនាគរពិភពលោក ដែលនឹងផ្តល់ប្រាក់តិចតួចបំផុត មកឲ្យប្រទេសកម្ពុជាសម្រាប់ជំនួយអភិវឌ្ឍន៍។ ទោះជាយ៉ាងណាក៏ដោយចំពោះ ការចុះផ្សាយក្នុងសារព័ត៌មានកាលពីពេលថ្មីៗនេះ បានបង្ហាញថាវានឹងជះឥទ្ធិពលដល់ការផ្តល់ អនុគ្រោះពន្ឋលើការនាំចេញរបស់កម្ពុជា ។ វាមិនពិតទេដោយសារតែការផ្តល់អនុគ្រោះពន្ឋ លើការនាំចេញរបស់កម្ពុជា គឺវាអាស្រ័យទៅតាមប្រទេសនីមួយៗតែប៉ុណ្ណោះ។ វាមិនពឹងផ្អែកលើចំណាត់ថ្នាក់ របស់ធនាគារពិភពលោកទេ វាពឹងផ្អែកទៅលើចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ»។
លោកបានថ្លែងបន្តទៀតថា ការចាត់ចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសអភិវឌ្ឍន៍នោះ គឺត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ហើយការចាត់ថ្នាក់នាពេលបន្ទាប់នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០១៨៕