(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី ឆ្នាំ២០១៧ មិនមែនតែប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលគ្រប់អាយុយូរហើយ តែមិនទាន់ចុះឈ្មោះនោះទេ តែប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតរួច កាលពីឆ្នាំ២០១៦ ប៉ុន្តែផ្លាស់ប្តូរទីលំនៅថ្មីនោះ ក៏ត្រូវចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីឈ្មោះថ្មីឆ្នាំ២០១៧ ម្ដងទៀតដែរ។

ថ្លែងក្នុងពិធីវគ្គបណ្ដុះបណ្ដាលស្ដីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ មានសារសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ត្រូវយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្រ្ដ នីតិកាលទី៦ នាឆ្នាំ២០១៨ ខាងមុខ។

លោកប្រធានថ្លែងយ៉ាងដូច្នេះថា «ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតមានន័យថា៖

* ការកែតម្រូវឈ្មោះ និងទិន្នន័យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ឲ្យត្រូវតាមអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ពួកគាត់។
* ការលុបឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព ដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។
* ចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
* ចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។
* ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់»

លោក ស៊ិក ប៊ុនហុក បានបន្តថា នីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧នេះ មានលក្ខណៈស្មុគស្មាញជាងនីតិវិធីពេលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ កន្លងទៅ ព្រោះកាលពីឆ្នាំមុន គ.ជ.ប បានរៀបចំចុះឈ្មោះបោះឆ្នោតថ្មីទាំងអស់ តែលើកនេះវិញ មានការចុះឈ្មោះបោះឆ្នោតផង ការផ្ទេរឈ្មោះផង លុបឈ្មោះផង។

លោក ស៊ិក ប៊ុនហុក បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ សូមបន្តកិច្ចសហការឲ្យខ្លាំងក្លាក្នុងការចូលរួមធ្វើឲ្យដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ខាងមុខ ប្រព្រឹត្ដទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ថ្មីនេះ គឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះបោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតមានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ស្មើនឹង ៨១.៣៨ភាគរយ។

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕