(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនម្នាក់ ជាថៅកែអាជីវកម្មពីបទ «បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់» ប៉ុន្តែជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង អនុញ្ញាតិឲ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ 

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះថា ស្ត្រីជនជាតិចិនរូបនេះឈ្មោះ ឡាង ឡាន អាយុ៥៦ឆ្នាំ បានត្រូវលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់»

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆែកឆេរទីតាំង បើកអាជីវកម្មហ្គេម ខុសច្បាប់ នៅអតីតរោងភាពយន្តព្រហ្មបាយ័ន ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ជាម្ចាស់ទីតាំងនិងបុគ្គលិកហ្គេម ព្រមទាំងជនជាតិខ្មែរ១០នាក់ទៀត ដែលជាអ្នកលេងរួចបញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ។

ក្រោយការសាកសួររួចហើយ នៅថ្ងៃទី៣១ ខែកក្កដា សមត្ថកិច្ចបានដោះលែងជនជាតិចិន៣នាក់ ឲ្យមានសេរីភាពវិញ និងបញ្ជូនស្ត្រីជនជាតិចិនម្នាក់ ព្រមទាំងអ្នកលេងហ្គេម១០នាក់ មកតុលាការនៅថ្ងៃទី១ ខែសីហា ដើម្បីចាត់ការតាមច្បាប់។ នៅរសៀលថ្ងៃដដែល តុលាការបានសម្រេចឲ្យអ្នកលេងហ្គេម១០នាក់ទៅផ្ទះវិញ។

ដោយឡែកស្ត្រីជនជាតិចិន ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់» រួចបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី៕