(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបលើពិភពលោក AirAsia ក្រោមកិច្ចសហការជាមួយ ស្ថានទូតម៉ាឡេស៊ី និងភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី ពេលនេះកំពុងរៀបចំទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដល់ក្រុមអ្នកសារព័ត៌មាននៅកម្ពុជា ដោយក្នុងនោះក៏មានអ្នកសារព័ត៌មាន Fresh News ផងដែរ។ ទស្សនកិច្ចធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
ទស្សនកិច្ច និងដំណើរកម្សាន្តរបស់ក្រុមអ្នកសារព័ត៌មានខ្មែរនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា-ម៉ាឡេស៊ី បើកជើងហោះហើរត្រង់ទៅវិញ ទៅមករវាងទីក្រុងកូឡាឡាំពួរ និងខេត្តព្រះសីហនុរបស់កម្ពុជា ដែលក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមហោះហើរត្រង់តាមជើងមួយនេះជាលើកដំបូង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ខាងមុខ។
អំឡុងនៅទីក្រុងកូឡាឡាំពួរ ក្រុមអ្នកកាសែតកម្ពុជា ត្រូវបានណែនាំឱ្យស្គាល់ តំបន់ផ្សារទំនើប Mitsui Outlet Park, ស្នាក់ការកណ្តាលរបស់ AirAsia, RedQ, KL Arch Gallery, Merdeka Square, KLCC Shopping Mall, Awana transport Hub, Skyavenue, senikome រួមទាំងទីតាំងសំខាន់ៗមួយចំនួនទៀត។
សូមបញជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏មានការហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់រាជធានីភ្នំពេញ និងមានការហោះហើរត្រង់ពី ទីក្រុងបាងកក ប្រទេសថៃ មកកាន់រាជធានីភ្នំពេញ និងពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងសៀមរាបផងដែរ៕