(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ក្រោមការបញ្ជា ផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានធ្វើការឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀន ប្រុសស្រីចំនួន៩នាក់ ព្រមទាំងដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ ជក់មួយចំនួន។
ការចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនប្រុសស្រី ខាងលើនេះ បានធ្វើឡើងខណៈដែលពួកគេ កំពុងពពាក់ពពូនសំងំជក់ថ្នាំ នៅក្នុងផ្ទះសំណាក់ «KCTN» ក្នុងបុរីសែនមនោរម្យ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលដដែលរូបនោះបានបញ្ជាក់ថា ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ជិះម៉ូតូល្បាត និងពួនស្ទាក់ ក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា មានក្រុមក្មេងស្ទាវមួយក្រុមប្រមូលផ្តុំគ្នា នៅបុរីសែនមនោរម្យជិតផ្ទះសំណាក់ «KCTN» ពេលនោះកម្លាំងទៅដល់ក៏ក្រុមទាំងនោះបែកគ្នាទៅហើយ តែដោយមានក្មេងម្នាក់ អង្គុយលើម៉ូតូ នៅខាងផ្ទះសំណាក់ ទើបខាងកម្លាំងនគរបាល ក៏ឃាត់សួរនាំក្មេងប្រុសម្នាក់នោះ បានប្រាប់ថា បក្សពួកគេស្នាក់នៅផ្ទះសំណាក់ «KCTN» មានប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ ហើយក៏សុំគោលការណ៍ ឆែកផ្ទះសំណាក់ខាងលើ បានឆែកចំនួន៤បន្ទប់ ហើយបានឃាត់មនុស្ស៩នាក់ មានស្រី២នាក់ (ថ្នាំ១កញ្ចប់តូច)។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក ឃាត់ខ្លួនយកមកសួរនាំ និងកសាងឯកសារបន្ដទៅកាន់ផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕