(មណ្ឌលគិរី)៖ ករណីកាត់ប្រាក់ខែដំបូងរបស់មន្ត្រីក្របខ័ណ្ឌថ្មី លើសកំណត់នៅស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី នៅពេលនេះ ស្នងការនគរបាលខេត្ត បានប្រកាសបើក លុយគ្រប់ចំនួន ដល់មន្ត្រីរបស់ខ្លួនឡើងវិញហើយ បន្ទាប់ពីរកឃើញការពិតពាក់ព័ន្ធទៅនឹងនាយរងការិយាល័យបុគ្គលិកម្នាក់ ជាអ្នកប្រព្រឹត្តករណីនេះ ដែលនឹងត្រូវប្រឈមការ ដាក់ពិន័យរបស់កងកម្លាំងប្រដាប់អាវុធ។
នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានប្រាប់ភា្នក់ងាព័ត៌មាន Fresh News ថា បន្ទាប់ពីធ្វើការស្រាវជា្រវជាបន្ទាន់រួចមក ព័ត៌មាននៃការកាត់ប្រាក់ខែដំបូងរបស់មន្ត្រីក្របខ័ណ្ឌថ្មី លើសកំណត់ គឺជាការពិត ដែលប្រព្រឹត្តដោយនាយរងការិយាល័យបុគ្គលិក គឺលោក សៀង ម៉ារ៉ា។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រកាសឲ្យមន្ត្រីរបស់ខ្លួន បើកប្រាក់ខែគ្រប់ចំនួនជូនមន្ត្រីក្របខ័ណ្ឌថ្មីទាំង៣៨នាក់ ឡើងវិញ ហើយករណីនេះ ក៏មិនពាក់ព័ន្ធទៅនឹងមន្ត្រី នៅការិយាល័យគណនេយ្យនោះឡើយ ពោលពួកគេបានកាត់យ៉ាងត្រឹមត្រូវ ចូលសមាគមមិត្តនគរបាលដែលបានកំណត់ពីថ្នាក់ដឹកនាំ។
សូមរំលឹកថា មន្ដ្រីក្របខ័ណ្ឌថ្មីចំនួន៣៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចោទប្រកាន់មន្ដ្រី បានកាត់លុយប្រាក់ខែលើកដំបូង (អាប៉ែល) របស់ខ្លួនលើសពីអ្វីដែលក្រសួងមហាផ្ទៃបានកំណត់ ពោលគឺកំណត់កាត់ត្រឹមតែ៣៦,៥០០រៀល ប៉ុន្ដែបែរជាមន្រ្តីផ្នែកគណនេយ្យកាត់រហូតដល់១៨០,០០០រៀលទៅវិញ។
ជាគោលការណ៍ប្រាក់ខែដំបូងនេះ មានរយៈពេល១០ខែ ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ សម្រាប់មន្ដ្រីឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយ៍ត្រី ត្រូវបើកបាន១០,៩៩៣,០០០រៀល ប៉ុន្ដែត្រូវកាត់លើការបង់ចូលសមាគមមិត្តនគរបាលជាតិ ក្នុងមួយខែ៣,៥០០រៀល ហើយរយៈពេល៩ខែ ស្មើនឹង៣១,៥០០ និងបង់សិទ្ធិសុំចូលសមាជិក៥,០០០រៀល ដូច្នេះជារួមត្រូវកាត់ត្រឹមតែ៣៦,៥០០រៀលទេ។
មន្ដ្រីដដែលបញ្ជាក់ថា នៅពេលផ្នែកគណនេយ្យកាត់ប្រាក់លើសបែបនេះ ខ្លួនបាននាំគ្នាទៅសួរគេថាលុយ១៤០,០០០រៀល ដែលកាត់បន្ថែមនោះ ទៅលើផ្នែកអ្វីដែរ ដោយផ្នែកគណនេយ្យបានអះអាងថា កាត់លើការរត់ឯកសារ, ថ្លៃធ្វើកាត និងសៀវភៅនគរបាល។ បើតាមមន្ដ្រីរូបនេះ នៅតាមបណ្ដាស្នងការដ្ឋានខេត្តផ្សេងៗ មិនមានការកាត់លុយច្រើនដូចស្នងការរបស់ខ្លួនឡើយ ជាពិសេសគឺមិនមានកាត់លុយរត់ឯកសារ ថ្លៃធ្វើការកាត និងសៀវភៅនគរបាលនោះឡើយ៕