(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះលោក ចន្ទ័ សុភ័ក្ត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ត្រូវបានតែងតាំងជាប្រធានសមាគមអតីត​យុទ្ធជន​ខេត្តព្រះវិហារ ជំនួសលោក ស៊ី គីរី ដែលបានចូលនិវត្តន៍ ខណៈស្នងការនគរបាលខេត្ត និងមេបញ្ជាការអាវុធហត្ថខេត្តជាអនុប្រធាន។ ពិធីតែងតាំងតួនាទីនេះក៏មានការចូលរួមពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ព្រមទាំងអស់លោក លោកស្រី តាមបណ្តាកងឯកភាព និងមន្ទីរជុំវិញខេត្តចូលរួមយ៉ាងច្រើននាក់ផងដែរ៕