(ភ្នំពេញ)៖ ក្រោយប្រកាសឲ្យឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះរួចមក លោក ឃួង ស្រេង បានមើលឃើញពីបញ្ហាទឹកជន់លិច នៅក្នុងរាជធានី ភ្នំពេញ គឺជារឿងអទិភាពមួយ ដែលត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឲ្យខានតែបាន បើទោះបីមិនបានមួយរយភាគរយក៏ដោយនោះ។ ដើម្បីដោះស្រាយបញ្ហា ដែលសឹងក្លាយជាជំងឺមហារីកមួយនេះ លោក ឃួង ស្រេង បានសូមកិច្ចសហការពីរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ ឈានដល់ការរកឃើញ ឬសគល់ នៃបញ្ហា។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញរបស់ខ្លួនមួយក្រុម ទៅជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ជាលទ្ធផល កិច្ចប្រជុំមួយនេះបានសម្រេចបង្កើតក្រុមការងារ មន្ត្រីជំនាញទាំងពីរស្ថាប័ន ដើម្បីធ្វើការសិក្សាឲ្យច្បាស់លាស់ ឲ្យលំអិត ស្វែងរកបញ្ហាប្រឈមនានា ដែលនាំឲ្យមានទឹកជន់លិច ហើយឈានទៅដល់ការបង្កើតផែនការយុទ្ធសាស្រ្តដោះស្រាយ នាពេលខាងមុខ។
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា នៅក្នុងកិច្ចប្រជុំព្រឹកមិញ លោករដ្ឋមន្ត្រី លឹម គានហោ បានលើកឡើងពីកត្តា៣ ដែលនាំឲ្យមានទឹកនៅរាជធានីភ្នំពេញ គឺទី១៖ ទឹកភ្លៀងដែលធ្លាក់ នៅលើផ្ទៃរងទឹកភ្លៀងរបស់ភ្នំពេញ ទី២៖ ទឹកដែលមានប្រភពមកពីក្រៅដូចជា ទឹកស្ទឹងព្រែកត្នោត និងទី៣ ទឹកមកពីទន្លេសាប នៅពេលដែលទឹកទន្លេមេគង្គឡើង ប៉ុន្តែសម្រាប់កត្តាទី៣៖ មិនមានបញ្ហាចោទទៀតទេ ដោយសារតែយើងមានប្រព័ន្ធ ទំនប់នកប់ស្រូវ ដូច្នេះមានតែកត្តា២ គឺទឹកភ្លៀង និងទឹកមកពីក្រៅដែលត្រូវធ្វើការដោះស្រាយ។
បន្ទាប់ពីការលើកឡើងរបស់លោករដ្ឋមន្ត្រីរួចមក មន្ត្រីជំនាញ និងមន្ត្រីបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ និងក្រសួងធនធានទឹក បានឡើងបង្ហាញពីបញ្ហានានា ពាក់ព័ន្ធទៅនឹងទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា «ក្រោយពីពិភាក្សាគ្នា ជាលទ្ធផលចុងក្រោយ អង្គប្រជុំបានសម្រេចបង្កើតក្រុមការងារ មន្ត្រីជំនាញដែលមានការចូលរួមពីស្ថាប័នទាំង២ សិក្សាឲ្យច្បាស់លាស់ និងលំអិត ដើម្បីស្វែងរកបញ្ហាប្រឈម ឈានទៅដល់ការបង្កើតផែនការជាយុទ្ធសាស្ត្រ ដោះស្រាយបញ្ហាទាំងនេះ»៕