(ភ្នំពេញ)៖ ក្រុមការងាររបស់នាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដឹកនាំដោយ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋាន នៅថៃ្ងទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ នៅតាមស្ថានីយមួយចំនួន ដែលមានទីតាំងនៅលើផ្លូវ២០១១ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។
ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹត ចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេង ដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper (95) និងRegular(92)។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ៣កន្លែង នៅទីតាំងខាងលើនេះ គឺមាន១កន្លែងមានអនុលោមភាព លើផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈ ចំណែកឯស្ថានីយ និងដេប៉ូ២កន្លែងទៀត គឺស្ថានីយ BVM (តាងួន) និងដេប៉ូ BVM (ប៊ុន លី) ដែលមានកង្វះបរិមាណប្រេង មិនឆ្លើយតបនឹងលេខកុងទ័រ ហើយនឹងលក់ប្រេង សាំងធម្មតាជាសាំងស៊ុបពែរ នេះហើយជាការក្លែងបន្លំ។
មន្ត្រីត្រួតពិនិត្យ បានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យា កែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ដោយឡែក មន្រ្តីត្រួតពិនិត្យ បានណែនាំឲ្យម្ចាស់ដេប៉ូលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន៩៥ពិតបា្រកដ។
លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការអនុវត្តន៍ច្បាប់។
លោកក៏បានផ្តល់នូវការយល់ដឹង ដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ឲ្យពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មីផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃ លេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ តាមដានសេចក្តីណែនាំថ្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម១៥ថ្ងៃម្តង និងត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចូលចាក់បំពេញក្នុងស្ថានីយ។ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូខាងលើ គឺដាក់លក់ត្រឹមត្រូវទៅតាម សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕